ថវិកាសប្បុរជនចូលរួមទិញវ៉ាក់សាំង តាមរយៈសម្ដេចតេជោទទួលបានប្រមាណជាង ៣០លានដុល្លារហើយ
ភ្នំពេញ៖ ថវិកាដែលសប្បុរសជនចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះទទួលបានប្រមាណជាង ៣០លានដុល្លារហើយ។
តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្មារតីសាមគ្គីភាព វប្បធម៌ នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជា មានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។ សម្ដេចបន្តថា មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។
សម្ដេចតេជោ បន្ថែមទៀតថា ដោយមានសំណូមពរពីប្រជាពលរដ្ឋសម្ដេចបានបន្ថែមគណនី ២ផ្សេងទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចចូលរួមបរិច្ចាគបានងាយស្រួល។
សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី ២ទៀតនៅធនាគារអេស៊ីលីដា និងភ្នាក់ងារវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៊ីលីដាប្រាក់រៀលគឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999។»
សម្ដេចតេជោ ហ៊ុន សែន បានសូមឲ្យជនរួមជាតិ ដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលសម្ដេចមានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន ១លានដូស សម្រាប់ចាក់ជូន៥០ម៉ឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ សម្ដេចជឿជាក់ថាកម្ពុជាពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕