អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជននានា សម្រាប់វិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លី គួង ម្ចាស់កាស៊ីណូ HUANGLE និងលោកជំទាវ ដែលបាននាំយកអំណោយ ម៉ាសចំនួន ២០កេស ទឹកបរិសុទ្ធចំនួន ១.០០០កេស និងថវិកាចំនួន ៣០.០០០ ដុល្លារអាមេរិក មកឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហមគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ និងអរគុណចំពោះលោកឧកញ៉ា លី គួង ម្ចាស់កាស៊ីណូHUANGLE និងលោកជំទាវ បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបំរើឱ្យការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ នេះជាទឹកចិត្ត និងសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុសង្ឃឹម និងជឿជាក់ថា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជន និងបណ្តាក្រុមហ៊ុននានាក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងខេត្តព្រះសីហនុបន្តទៀត៕