ភ្ញៀវទេសចរជាង ១ពាន់នាក់ ជាប់គាំងលើកោះ ត្រូវបានដឹកជញ្ជូនដល់ដីគោកវិញដោយសុវត្ថិភាព
ព្រះសីហនុ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចសម្រុះ និងសមាគមដឹកជញ្ជូនភ្ញៀវទេសចរជលយានខេត្តព្រះសីហនុ បានរៀបចំអូរប័រជាច្រើនគ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរសរុប ១.៣៩១នាក់ ដែលជាប់គាំងនៅលើកោះ នៅខេត្តព្រះសីហនុអស់ជាច្រើនថ្ងៃកន្លងមកនេះ។
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានសម្ដែងនូវក្ដីរីករាយចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចចម្រុះ និងសមាគមដឹកជញ្ជួនទេសចរជលយានខេត្ដព្រះសីហនុ ដែលបានសហការគ្នាល្អក្នុងការជូនដំណឹងអំពីធាតុអាកាសជាប្រចាំ និងបានជួយសង្គ្រោះដឹកជញ្ជូនមកដល់ដីគោកទាន់ពេលវេលា និងសុវត្ថិភាព។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ បានចាប់ផ្តើមធ្វើឡើងនៅម៉ោង ១០ព្រឹករហូតដល់ម៉ោង ១៥ និង៣០នាទី រសៀលថ្ងៃនេះ ដោយប្រើប្រាស់កាណូតល្បឿនលឿនចំនួន ១៨គ្រឿង ចេញដឹកជញ្ជូនចំនួន ២៦ជើង។ ក្នុងនោះភ្ញៀវទេសចរ មានចំនួនសរុប ១.៣៩១នាក់ ស្រី ៥៩៥នាក់ ក្មេងអាយុក្រោមអាយុ ១៥ឆ្នាំ មានចំនួន ១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ៣៧៣នាក់ ស្រី ១៥៤នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនតាមកាណូតល្បឿនលឿន មកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ជលយានខេត្តព្រះសីហនុ៕