ឯកឧត្ដម ប្រាជ្ញ ចន្ទ ត្រូវបានសមាជិករដ្ឋសភាបោះឆ្នោតជាប់ជាប្រធាន គ.ជ.ប ថ្មី ជំនួសឯកឧត្ដម ស៊ិកប៊ុនហុក ដែលបានលាលែងពីតំណែង
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃ (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានសុំលាលែងពីតំណែង នៅដើមខែនេះ ដោយសារបញ្ហាសុខភាព។
ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានជាប់ឆ្នោតជាប្រធានថ្មី នៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសមាជិករដ្ឋសភាទាំងអស់បានបោះឆ្នោតគាំទ្រ ផ្តល់សេចក្តីទុកចិត្តទាំងស្រុង។
កិច្ចប្រជុំរដ្ឋសភា បានព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ចំនួន៩ ក្នុងនោះក៏រួមមានទាំងព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជានាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ និងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថ្មីផងដែរ។
កិច្ចប្រជុំរដ្ឋសភា ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិកសភា ចូលរួមចំនួន៨២រូប។
ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើ ប្រធានថ្មី នៃ (គ.ជ.ប) ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិ បាល គឺគណបក្សប្រជាជនកម្ពុជា ដោយស្របទៅតាម«ច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ការរៀបចំនីតិវិធីជ្រើសរើសប្រធានគ.ជ.បថ្មី បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព។ ឯកឧត្តម ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជាប្រធាន (គ.ជ.ប) កាលពីឆ្នាំ២០១៥ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ បានរួមគ្នាកែទម្រង់ស្ថាប័នការបោះឆ្នោត ដោយជ្រើសរើសសមាជិកគ.ជ.ប តាមរូបមន្ត៤បូក៤ បូក នឹង១ មានន័យថា គណបក្សនីមួយៗជ្រើសរើសសមាសភាពបួនរូបម្ខាងម្នាក់ ហើយគណបក្សទាំងពីរ ត្រូវ ជ្រើសរើសសមាសភាពទី៩ ដោយការព្រមព្រៀងគ្នាជាឯកច្ឆន្ទ។
ឯកឧត្ដម ប្រាជ្ញ ចន្ទ ធ្លាប់ជាអភិបាលខេត្តបាត់ដំបង ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្ត ត្បូងឃ្មុំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប នៅពេលនេះ៕