អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៧លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លាន។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៧លាន គឺលោកយាយ ចាន់ ឃីម អាយុ ៦៧ ឆ្នាំ ដែលសព្វថ្ងៃរស់នៅ ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។
សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានផ្ដល់ជំនួយឧបត្ថម្ភទឹកប្រាក់លើកទឹកចិត្តដល់អ្នកចាក់វ៉ាក់សាំង ៥លើករួចមកហើយដោយ៖ អ្នកចាក់វ៉ាក់សាំងទី១លាន បានទៅលើលោក ប៉ាន់ សុវណ្ណរិទ្ធ, អ្នកចាក់វ៉ាក់សាំងទី២លាន បានទៅលើកម្មការរិនីរោងចក្រ ទិត ចិន្តា, អ្នកចាក់វ៉ាក់សាំងទី៣លាន បានទៅលើឈ្មោះ លោកស្រី ស៊ុ សំអឿន, អ្នកចាក់វ៉ាក់សាំងទី៤លាន បានទៅលើឈ្មោះ សូ សយ អាយុ ៦៥ឆ្នាំ គាត់ជាអតីតយុទ្ធជន , អ្នកចាក់វ៉ាក់សាំងទី៥លាន បានទៅលឈ្មោះ ណុប មាន អាយុ ៧០ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ និងអ្នកចាក់វ៉ាក់សាំងទី៦លាន មានឈ្មោះ ផេង សឿន អាយុ៦៧ ជាកសិករ រស់នៅខេត្តកំពង់ចាម៕