កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) នៅថ្ងៃទី២៣កញ្ញា
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមប្រធានបទ ស្ដីពី ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត។
លោកជំទាវ ឃួន សុដារី អនុប្រធានទី១ នៃរដ្ឋសភា តំណាងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកអង្គសន្និសីទលើកទី៨នេះ។
សន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភាកម្ពុជា-ឡាវ-វៀតណាម មានគោលបំណងពង្រឹងភាពជាដៃគូ និងទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃសភាប្រទេសទាំងបី ព្រមទាំងពន្លឿនការស្ដារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩៕