គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ ៦ចំណុច សម្រាប់អាជីវកម្មបៀរហ្គាឌិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ ៦ចំណុច សម្រាប់អាជីវកម្មបៀរហ្គាឌិន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ ៦ចំណុច សម្រាប់អាជីវកម្មបៀរហ្គាឌិន

    ភ្នំពេញ៖ ឯកឧត្ដម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ ចំនួន​ ៦ចំណុច សម្រាប់ការបើកឲ្យដំណើរការឡើងវិញនូវអាជីវកម្មបៀរហ្គាឌិន បន្ទាប់ពីត្រូវបាន​បិទអស់រយៈពេលយូរមកហើយដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

    សេចក្ដីណែនាំដដែលបាន​ឲ្យដឹងថា ក្នុងគោលបំណងជួយសម្រួលដល់មូលដ្ឋានអាជីវកម្ម​បៀរហ្គាឌិន ដែលត្រូវបាន​រាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួម​បង្ការ និងរក្សាបាន​នូវសុវត្ថិភាព​ទំនុកចិត្ត និង​ផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែលរាជរដ្ឋាភិបាល បាន​នឹងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធនារការជាតិចាក់វ៉ាក់សាំងកូវីដ១៩ និងជំរុញផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការរាលដាល​ជំងឺកូវីដ១៩ ក្រសួងទេសចរណ៍បានដាក់ចេញនូវ វិធានសុវត្ថិភាពសម្រាប់អាជីវកម្ម​បៀរហ្គាឌិន ដោយភ្ជាប់នូវលក្ខខណ្ឌ នៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី និងស្ថានភាពនាពេលបច្ចុប្បន្ន។

    ​ការបើកដំណើរការអាជីវកម្មបៀហ្គាឌិនឡើងវិញនេះ នឹងចូលរួមចំណែកផ្ដល់​ឱកាសការងារដល់បុគ្គលិកនយោជិត និងរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលរៀនរស់នៅជាមួយ​ជំងឺកូវីដ១៩ តាមគន្លងថ្មី។

    ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់ម្ចាស់​អាជីវកម្មបៀរហ្គាឌិនទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវខ្លឹមសារប្រកាសលេខ ១០៨ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ដីពី​ ការដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មបៀរហ្គាឌិន ចំនួន ៦ចំណុចដូចខាងក្រោម​៖

    ១. ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួន​ឲ្យស្របនឹង​លក្ខខណ្ឌតម្រូវ និងចំណុចណែនាំទាំងឡាយដូចមានកំណត់ក្នុងខ្លឹមសារប្រកាសលេខ ១០៨ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ​២០២១។

    ២.អាជីវកម្ម​បៀរហ្គាឌិន ត្រូវរៀបចំឲ្យមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន​។

    ៣.អាជីវកម្មបៀរហ្គាឌិន ត្រូវរៀបចំឲ្យមានការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំអំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

    ៤. អាជីវកម្មបៀរហ្គាឌិន ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណរបស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

    ៥. អាជីវកម្មបៀរហ្គាឌិន ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។

    ៦. អាជីវកម្មបៀរហ្គាឌិន ត្រូវអនុវត្ត និងប្រើប្រាស់ឲ្យបាន​ត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យាដែលបានដាក់​ឲ្យអនុវត្តកន្លងមកដោយ​រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ ការស្កេន QR Code ទប់ស្កាត់កូវីដ១៩ និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ជាដើម៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង