សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់អំណោយមនុស្សធម៌របស់កម្ពុជា ជូនចំពោះសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល-ទទួលអំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីណៃពិដោរ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៩និង៥៥នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃទី៧មករា ឆ្នាំ២០២២ សម្រាប់ដំណើរបំពេញទស្សនកិច្ចការងាររយៈពេល ២ថ្ងៃ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ថ្ងៃទី៧ ដល់ថ្ងៃទី៨មករា ២០២២)។
វត្តមាននៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិណៃពិដោរ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាឯកឧត្តមអភិបាលរដ្ឋធានីណៃពិដោរ, ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត។
នៅអាកាសយានដ្ឋានណៃពិដោរនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល-ទទួលអំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
អំណោយមនុស្សធម៌ទាំង៩មុខនោះរួមមាន ១-ម៉ាស ចំនួន ៣លាន ២-ម៉ាស N95 ចំនួន ២០០ពាន់ ៣-វ៉ែនតាការពារ ចំនួន ១០០ពាន់ ៤-សម្លៀកបំពាក់សុវត្តិភាព ចំនួន ៣០ពាន់ ៥-របាំងការពារមុខ ចំនួន ៣០ពាន់ ៦-ស្បែកជើងកវែង ចំនួន ៣ពាន់ ៧-ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន ៥០គ្រឿង ៨-ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ៥០គ្រឿង និង៩-ម៉ាស៊ីនផលិតអ៊ុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។
គូរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន ២លើករួចមកហើយ ដោយលើកទី១ បានផ្តល់ជូន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើសម្ភារៈបរិក្ខារវេជ្ជសាស្រ្តចំនួន ១២មុខ ក្នុងនោះរួមាន ១-ម៉ាស ចំនួន២លាន ២-ម៉ាសក្រណាត់ ចំនួន១០០ពាន់ ៣-ម៉ាស់ N95 ចំនួន ២០ពាន់ ៤-វ៉េនតាការពារ ចំនួន ២០ពាន់ ៥-សម្លៀកបំពាក់ការពារមួយឈុត ចំនួន ២០ពាន់ ៦-ឧបករណ៍វ៉ាសកំដៅ ចំនួន ៥០០គញរឿង ៧-របាំងការពារមុខ ចំនួន២០ពាន់ ៨-ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន២០គ្រឿង ៩-ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន២០គ្រឿង ១០-ម៉្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាម ក្នុង១ធុងចំនួន ៥០០ធុង ១១-ស្បែកជើងកវែង ចំនួន ១ពាន់ និង១២-ទឹកសាប៊ូលាងដៃ ចំនួន ២ពាន់ និងលើកទី២ បានផ្តល់ជូនកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រួមមានថវិកា ២០ម៉ឺនដុល្លាអាមេរិក និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួនទៀត រួមមាន ម៉ាសចំនួន ៣លាន ឧបករណ៍តេស្តរហ័សចំនួន ៥០០ពាន់ សម្លៀកបំពាក់សុវត្តិភាព PPE ចំនួន ២ពាន់ ឈុតម៉ាស៊ីនផលិតអ៊ុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ១០០គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន២០គ្រឿង ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លាអាមេរិក ជូនដល់កាកបាទក្រហម មីយ៉ាន់ម៉ាផងដែរ។
តាមកម្មវិធីដែលបានគ្រោងទុក សំរាប់ដំណើរបំពេញទស្សនកិច្ចការងារនេះសម្តេចតេជោ នឹងអញ្ជើញជំនួបពិភាក្សាចង្អៀត និងបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ នាវេលារសៀលថ្ងៃទី៧មករា នៅឯទីស្តីការក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងរដ្ឋធានីណៃពិដោរ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕