សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ច្រកជាំសាងាំ ស្រុកអន្លង់វែង
ភ្នំពេញ៖ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ត្រូវបានបញ្ចុះបឋមសិលាកសាង នៅព្រឹកថ្ងៃទី០៩ ខែមីនា នេះ នៅចំណុចភ្នំ២០០ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាទីតាំងប្រវត្តិសាស្រ្ត បញ្ចប់សង្រ្គាមចុងក្រោយគេនៅកម្ពុជា ក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងពិធីបញ្ចុះបឋមសិលាកសាងស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ មានប្រសាសន៍ថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅលើចំណុចទីតាំងភ្នំ២០០ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែងនេះ ដោយសារតែជាតំបន់ប្រវត្តិ សាស្រ្តមួយដ៏ក្តៅគគុកកាលពីសម័យសង្រ្គាម ដែលបានបន្សល់ទុកនូវស្នាកស្នាម និងវត្ថុតាងផ្សេងៗពីសម័យរបបខ្មែរក្រហម។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅតំបន់នេះ គឺដើម្បីបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីជំហរដ៏រឹងមាំ និងបង្ហាញពីកក្តាសុខសន្តិភាព របស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ។
សម្ដេចពិជ័សេនា បានបញ្ជាក់ថា ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នេះ វានឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋផងដែរលើវិស័យទេសចរណ៍ ព្រោះរំពឹងថា ស្ដូបនេះ នឹងអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទេសចរក្នុងស្រុក និងក្រៅស្រុក ពិសេសនោះ ពលរដ្ឋប្រទេសជិតខាង អាចមកទស្សនា សិក្សាស្រាវជ្រាវពីរឿងរ៉ាវប្រវត្តិសាស្រ្តផ្សេងៗ ដែលបានបន្សល់ទុកកាលពីសម័យរបបសង្រ្គាមក្នុងតំបន់នេះ៕ BTV