គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណៈកម្មការទី៧ នៃរដ្ឋសភា ចុះ​ស្វែងយល់​ពីផល​លំបាក​បង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋាន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |
    គណៈកម្មការទី៧ នៃរដ្ឋសភា ចុះ​ស្វែងយល់​ពីផល​លំបាក​បង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋាន​ គណៈកម្មការទី៧ នៃរដ្ឋសភា ចុះ​ស្វែងយល់​ពីផល​លំបាក​បង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋាន​

    បាត់ដំបង​៖ កាលពីព្រឹក​ថ្ងៃ​ទី២៣​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ គណៈ​ប្រតិភូ​គណៈ​កម្មកា​រអ​ប់រំ ​យុវជន​ កីឡា ធម្មការ​ កិច្ច​ការ​សាសនា ​វប្បធម៌ ​និង​ទេសចរណ៍​នៃ​រដ្ឋសភា​ ដឹក​នាំ​ដោយ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​គណៈ​កម្មការ​ បាន​ចាប់​ផ្តើម​បេសក​កម្ម​ក្នុង​ខេត្ត​បាត់ដំបង​ ដោយ​ការ​ចុះ​ទស្សន​កិច្ច និង​ជួប​សំណេះ​សំណាល​ជា​មួយ​គណៈ​គ្រប់គ្រង​សាលា លោក​គ្រូ ​អ្នកគ្រូ ​នៅក្នុង​ខេត្ត​បាត់ដំបង​។

    ក្នុង​ដំណើរ​ទស្សន​កិច្ច ​និង​ការ​ជួប​សំណេះ​សំណាល​របស់​គណៈកម្មការ​ទី​៧​នេះ ​ប្រព្រឹត្ត​ទៅ​ក្នុង​គោលបំណង​ ដើម្បីស្វែង​យល់​បន្ថែម​ពី​ផល​លំបាក​បង្ក​ដោយ​វិបត្តិ​កូវី​ដ​១៩ ​លើគ្រឹះស្ថាន​សិក្សា​នៅ​តាម​មូលដ្ឋាន​ផ្ទាល់​ និង​ពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​វិទ្យាល័យ​ក្នុង​ការ​អនុវត្ត​ដំណើរ​ការ​បើក​ឡើង​វិញ​ក្នុង​ដំណាក់​កាល​ទី២។

    នៅ​រសៀល​ថ្ងៃ​ដដែល​ គណៈប្រតិភូគណៈកម្មការ ក៏​បាន​ជួប​ពិភាក្សា​ការងារជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​​ ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល​​នៃគណៈអភិបាលខេត្តបាត់ដំបង រួមជា​មួយ​ប្រធាន​មន្ទីរ​អប់រំ ​យុវជន​ និង​កីឡា និ​ងប្រធានការិយាល័យស្រុក ក្រុងទូទាំងខេត្ត។

    ក្រោយ​ស្តាប់​របាយ​ការណ៍​ស្តីអំពីស្ថាន​ភាព​អប់រំ​ទាំង​ក្នុង​មូល​ដ្ឋាន​ផ្ទាល់ និង​ក្នុង​ក្រប​ខណ្ឌ​ខេត្ត​ រួចមក​ ប្រតិភូ​គណៈកម្មការ​ទី​៧ ​នៃ​រដ្ឋសភា បាន​កត់​សម្គាល់ឃើញថា​ បញ្ហា​ប្រឈម​ដែល​ខេត្តនីមួយៗ បាន និងកំពុង​ជួប​ប្រទះ​ ហាក់​មិន​មាន​ភាព​ខុសប្លែក​ពី​គ្នា​ខ្លាំង​នោះទេ​។ បញ្ហា​ដែល​បាន​លើក​ឡើងរួ​មមាន៖ ​កម្រិត​ចំណេះដឹ​ង​ផ្នែក​បច្ចេក​ទេស​ព័ត៌មាន​វិទ្យា​របស់​លោក​គ្រូ អ្នកគ្រូ ,​មធ្យោបាយ​ និង​ឧបករណ៍​បង្រៀន​ពី​ចម្ងាយ​មិ​ន​គ្រប់​គ្រាន់,ការ​បង្រៀន​តាម​អន​ឡាញមិន​ដូច​ការ​បង្រៀន​ដោយ​ផ្ទាល់​ក្នុង​សាលា និង​ ​ការ​សហការ​រប​ស់អាណាព្យាបាល និង​សិស្សានុសិស្សផ្ទាល់​។

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បាន​មានប្រសាសន៍ថា​ «ថ្វី​បើ​បញ្ហា​ប្រឈម​ស្រដៀងគ្នា ប៉ុ​ន្តែ​វិធា​ន​ជា​ដំណោះស្រាយ គឺទាមទារឱ្យមានការគិតគូរ រៀបចំដោយឡែកៗពីគ្នា ប្រកបដោយភាពបត់បែន​ទៅតាម​ស្ថានភាព​ និង​ស្ថានការណ៍​ជាក់​លាក់​ក្នុង​មូល​ដ្ឋាន​នីមួយ​ៗ។ រីឯការ​អនុវត្ត​វិញ​ គឺ​ត្រូវ​ការ​ធ្វើ​ជា​ជំហាន​ៗ ដោយ​មាន​ការ​ថ្លឹង​ថ្លែង​ច្បាស់លាស់ពីភាពចាំបាច់ និង​មាន​ការ​ចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ»។ ឯកឧត្តម បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់រ​បស់​លោក​នាយកសាលា លោកប្រធានការិយាល័យ និងលោកប្រធានមន្ទីរ ក្នុងការដាក់ចេញជាយន្តការផ្សេងៗ ជាដំ​ណោះស្រាយ​បន្ត​បន្ទាប់ ដើម្បី​សម្រេច​គោលដៅ​រួម​មួយ​ក្នុងការបង្កើន​ប្រសិទ្ធភាព​ការ​ផ្តល់​ការ​អប់រំ​ក្នុង​បរិបទ​កូវីដ​១៩​។

    ក្នុង​ឱកាសជំនួប​ជា​មួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ គណៈ​កម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា ​វប្បធម៌ ​និង​ទេសចរណ៍​នៃរ​ដ្ឋសភា ​បាន​ចូល​រួម​សោក​ស្តាយជា​មួយប​ង​ប្អូន​ប្រជាពលរដ្ឋ​នៃ​ខេត្តបាត់ដំបង ក្នុងហេតុការណ៍ភ្លើង​ឆេះ​ផ្សារ​ធំ​បាត់ដំបង ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ២០២០ ​កន្លង​ទៅ​នេះ​និ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ​២០​លាន រៀល ​ជូន​ដល់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ដើម្បី​ចូល​រួម​ចំណែ​ក​ជួស​ជុល​សំណង់​ផ្សារ​ធំបាត់ដំបង ដែល​រង​ការ​ខូច​ខាត​ក្នុង​ឧបទ្ទេវហេតុ​អគិ្គភ័យ​នេះ​ផងដែរ៕

    ពាក្យគន្លឹះទាក់ទង