គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ចិនសន្យាចូលរួមបន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាគ្មានមីនឆ្នាំ២០២៥

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០​ |
    ចិនសន្យាចូលរួមបន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាគ្មានមីនឆ្នាំ២០២៥ ចិនសន្យាចូលរួមបន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាគ្មានមីនឆ្នាំ២០២៥

    ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះបន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាគ្មានមីនឆ្នាំ២០២៥។ក្នុងជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅស្ថានទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានចាត់ទុកការងារបោសសម្អាត គឺជាការចូលរួមផ្តល់នូវសុភមង្គលដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

    ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមដល់ការងារអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានការគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាទាំងថវិកា បច្ចេកទេស និងសម្ភារៈ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយមីន ដែលយើងបានស្គាល់អោយអស់ត្រឹមឆ្នាំ២០២៥ និងការកាត់បន្ថយអត្រាគ្រោះដោយសារមីនអោយបានជាអតិបរមា។

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ការផ្តល់ជំនួយបម្រើដល់កាងារបោសសម្អាតមីនមនុស្សធម៌របស់មិត្តចិន នាពេលនេះ និងកន្លងមក គឺជាចូលរួមចំណែកឆ្លើយតប និងស្របតាមការលះបង់ និងគោលដៅដ៏យូរអង្វែងរបស់សម្តេចតេជោ សម្រាប់ប្រទេសជាតិ និងប្រជាជន រួមមាន សន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

    ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលបានចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា តាំងពីដើមមក៕