លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុក បានផ្ញើសារអបអរសាទរ ខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនៅថ្ងៃទី៣១កក្កដានេះ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ផងដែរថាបណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩។ បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត ៥០០,០០០ទំព័រទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ(នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរទួលស្លែង) ដែលបានសហកសរចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង៕