ក្រសួងរ៉ែប្រកាសលេខទូរស័ព្ទ Hotline ឲ្យពលរដ្ឋជួយរាយការណ៍ករណីមានការបូមខ្សាច់ និងដឹកខ្សាច់អាណាធិបតេយ្យ
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពរបស់ក្រសួងរ៉ែ និងថាមពល រយៈពេល៥ឆ្នាំ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រកាសលេខទូរស័ព្ទ Hotline សម្រាប់ប្រជាពលរដ្ឋ Call ចូលរាយការណ៍ ក្នុងករណីបានឃើញពីសកម្មភាពបូមខ្សាច់ និងដឹកខ្សាច់បែបអាណាធិបតេយ្យ ហើយក្រសួងនឹងចុះអន្តរាគមន៍ភ្លាម។
មានមតិមួយចំនួនលើកឡើងថា ការបូមខ្សាច់ គឺតែងធ្វើឲ្យបាក់ច្រាំងទន្លេចំណុចនេះឯកឧត្តមទទួលស្គាល់ ប៉ុន្តែឯកឧត្ដមបានបញ្ជាក់ថា វាអាចបាក់ច្រាំងបានលុះត្រាការធ្វើអាជីវកម្មនោះ មិនគោរពតាមលក្ខខណ្ឌ បច្ចេកទេសត្រឹមត្រូវតាមអាជ្ញាប័ណ្ណដែលក្រសួងបានកំណត់។ ឯកឧត្តមបន្ថែមថា ក្រសួងបានប្រកាសលេខទូរស័ព្ទ Hotline ២៤ម៉ោង ដើម្បីប្រកាសឲ្យពលរដ្ឋ Call ផ្តល់ដំណឹងក្នុងករណីបានឃើញពីសកម្មភាពបូមខ្សាច់ និងដឹកខ្សាច់បែបអាណាធិបតេយ្យ គឺមានលេខ 095 727 727 ។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់បន្ថែមថា មកដល់បច្ចុប្បន្ននេះ ក្រសួងរ៉ែ និថាមពល បានចេញអាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មខ្សាច់ក្នុងទន្លេ និងក្នុងស្ទឹង គឺមានទំហំប្រមាណជាង ២ពាន់ហិកតា ដែលគិតជាភាគរយ នឹងស្មើ៣% នៃផ្ទៃទន្លេ និងផ្ទៃទន្លេបាសាក់ប៉ុណ្ណោះ៕