គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កងទ័ពជើងគោកកម្ពុជា ទទួលបាន​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៣ គ្រឿង ពីស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេនដៃ ​នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២​ |
    កងទ័ពជើងគោកកម្ពុជា ទទួលបាន​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៣ គ្រឿង ពីស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេនដៃ ​នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន កងទ័ពជើងគោកកម្ពុជា ទទួលបាន​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៣ គ្រឿង ពីស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេនដៃ ​នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន

    ភ្នំពេញ៖ នា​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២២នេះ នៅបញ្ជាការរដ្ឋានកងទ័ពជើងគោក ឯកឧត្តម ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជា​ការកងទ័ពជើងគោក បានទទួលជួបលោក ស៊ឺស៊ឺមឹ តៃ (SUSUMU TAI) កុងស៊ុល​កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងជាស្ថាបនិកអង្គការ Cambodia Future Dream  ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន និង​សប្បុរស​ជន​សហគមន៍​ជប៉ុន​នៅ​កម្ពុជា ក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង សម្រាប់​បំពេញ​ឱ្យ​តម្រូវការរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុង​ការ​កសាង​ពង្រឹង​សមត្ថភាព និងការ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​គ្រោះ​ម​ហន្តរាយ​ក្នុង​សហគម​ន៍​ប្រជាពលរដ្ឋ​។

    ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និង​ទំនាក់​ទំនង​ជួយ​គ្នាទៅ​វិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ជប៉ុន នៅក្រោយ​ការ​ភ្ជាប់​ទំនាក់​ទំនង​ការទូតក្នុងឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុង​ដំណាក់​កាល​ស្វែង​រក​សន្តិភាព​ក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាក្នុងដំណើការនៃការ កសាង និងអភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាអាទិ៍៖ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស, ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​ និងការជួយឧបត្ថម្ភគាំទ្រក្នុងដំណាក់កាលវិបត្តនៃជំងឺកូវីដ-១៩ ជាដើម។ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរាល់សកម្មភាពទាំងអស់នេះ ដែល​ក៏​មានការចូលរួមចំណែកផងដែរពីសំណាក់អង្គការ-សមាគម និងវិស័យឯកជនជប៉ុន ដោយ​ពិតជា​បានសរបញ្ជាក់ច្បាស់អំពីការផ្សារភ្ជាប់ដ៏ស្អិតរមួតរវាងប្រជាជនកម្ពុជា និងប្រជាជន​ជប៉ុន​លើគ្រប់វិស័យ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ-សមាគមជប៉ុន រួមទាំងសប្បុរសជនសហគមន៍ជប៉ុន បន្តចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌ និងសប្បុរសធម៌នានា ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនកម្ពុជា ហើយកិច្ចការទាំងនេះ ក៏នឹងដើរតួនាទីសំខាន់ផងដែរក្នុងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេស និង​ប្រជាជន​ទាំង​ពីរ​ឱ្យ​កាន់​តែរឹងមាំ។

    មួយវិញទៀត ឯកឧត្តម ក៏បានអរគុណ និងស្វាគមន៍ចំពោះវិនិយោគិនជប៉ុន ដែលបា​ន​ជ្រើស​រើស​យក​ប្រទេស​កម្ពុជាជាគោលដៅធ្វើធុរកិច្ច ហើយសង្ឃឹមថា បន្តទៅមុខ វិនិយោគិន​ជប៉ុន​នឹង​អញ្ជើញ​មក​កាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការវិនិយោគផ្នែកឧស្សាហកម្ម និង​បច្ចេកវិទ្យា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរបត់សាកលភាវូបនីយកម្ម ស្រប​តាម​គោល​នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុង​ផ្តោត​លើ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និងបច្ចេកវិទ្យា។ ក្រៅពីការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា, ក្រុមហ៊ុន-សហគ្រាស​ជប៉ុន ក៏បាននាំមកនូវស្តង់ដារការងារ ដែលមាន​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​លើ​សុខុមាល​ភាព​របស់​កម្មករ-និយោជិត។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់វិនិយោគិនជប៉ុន ដែលអាច​ចាត់​ទុក​បានថា ជាការពិចារណាគ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យច្បាស់លាស់យូរអង្វែង ក៏បាន​បង្ហាញ​ផង​ដែរអំពីទំនុកចិត្តមកលើកត្តាស្ថិរភាព និងបរិយាកាស​វិនិយោគ​ប្រកប​ដោយ​ភាព​អំណោយ​ផលរបស់កម្ពុជា។

    ជាការឆ្លើយតប លោក ស៊ឺស៊ឺមឹ តៃ បានរំឭកអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងបានលើកឡើងអំពីកិច្ចខិតខំប្រែងរបស់លោកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា តាមរយៈការរៀបចំសកម្មភាពជាច្រើននៅក្នុងប្រទេសជប៉ុន ដើម្បី​ផ្សព្វ​ផ្សាយ​អំពីប្រទេសកម្ពុជាទាំងលើទិដ្ឋភាពវប្បធម៌ និងសក្តា​នុពល​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​យុគ​សម័យថ្មី ហើយលោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់​ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងបន្តរីកចម្រើន និងកាន់​តែ​ស៊ី​ជម្រៅប​ន្ថែម​ទៀត​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង