រដ្ឋមន្ត្រីក្រសួងអប់រំ បង្ហាញចំណុចសំខាន់ៗ២ ដែលត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាអប់រំដល់សិស្សានុសិស្ស និងនិស្សិត
ភ្នំពេញ៖ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនូវចំណុច២ សំខាន់ៗ ក្នុងការបន្តយកចិត្តទុកដាក់ផ្ដល់សេវាអប់រំដល់សិស្សានុសិស្ស និងនិស្សិត ដោយក្នុងរួមមាន(១) អនុវត្តវិធានការការពារសុខភាពអ្នកសិក្សា និងបុគ្គលិកសិក្សា និង(២)បន្តការសិក្សាតាមបែបចម្រុះ (សិក្សាក្នុងថ្នាក់រៀន, សិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមបែបប្រពៃណី រួមទាំងការធ្វើស្វ័យសិក្សា)។
ឯកឧត្ដម រដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញចូលរួមប្រារព្ធពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២០ ដែលជាខួបលើកទី២៣ នៃទិវាគ្រូបង្រៀននៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំ ឌីជីថលនៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែង និងរួមសហការគ្នារបស់លោកគ្រូ អ្នកគ្រូ អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ មាតាបិត អ្នកអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានពុះពារគ្រប់ឧបសគ្គ និងការលំបាកទាំងឡាយ ដើម្បីផ្ដល់ការអប់រំដល់សិស្សានុសិស្ស និងនិស្សិត តាមគ្រប់រូបភាព ក្នុងដំណាក់កាលដ៏លំបាកនៃ ការរាតត្បាតនៃជំងឺកូវីដ១៩។
ឯកឧត្ដមវាយតម្លៃថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ គ្រឹះស្ថានសិក្សាទាំងនៅកម្ពុជា និងនៅលើពិភពលោកមិនអាចដំណើរការបានដូចមុនទៀតបានឡើង ហើយត្រូវអនុវត្ត វិធានការសុវត្ថិភាពសិក្សា ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា និងផ្ដល់ទំនុកចិត្តដល់មាតាបិត ម្យ៉ាងវិញទៀត តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក មេរោគកូវីដ១៩ អាចបន្តរស់នៅក្នុងរយៈពេលយូរតទៅទៀត។
ក្នុងបរិបទនេះ វិស័យអប់រំត្រូវសម្របសម្រួទៅតាម ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី។ អាស្រ័យហេតុនេះ ដើម្បីបន្តការផ្ដល់សេវាអប់រំដល់សិស្សានុសិស្ស និងនិស្សិត កត្តាសំខាន់២ ត្រូវបន្តយកចិត្តទុកដាក់គឺ១. អនុវត្តវិធានការការពារសុខភាពអ្នកសិក្សា និងបុគ្គលិកសិក្សា និង(២)បន្តការសិក្សាតាមបែបចម្រុះ ដោយគួបផ្សំការសិក្សាក្នុងថ្នាក់រៀន និងការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមបែបប្រពៃណី(សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស្វ័យសិក្សា(សម្រាប់សិស្សនៅតាមទីជនបទ)។
ក្រសួងអប់រំបានមើលឃើញកាន់តែច្បាស់អំពី តួនាទីយ៉ាងសំខាន់របស់គ្រូបង្រៀនក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដែលផ្ដោតជាសំខាន់លើការបង្កើតចំណេះដឹង បំណិន និងសមត្ថភាពរបស់គ្រូបង្រៀន។ ឈរលើបរិបទនេះ ទិវគ្រូបង្រៀន ៥ តុលា ២០២០ បានជ្រើសរើសយកប្រធានបទ គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអបរ់ឌីជីថលនៅកម្ពុជា មកឆ្លុះបញ្ចាំង។
ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណុរគុណផងដែរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់វិនិយោគតាមគ្រប់រូបភាពដល់វិស័យអប់រំ ជួយសម្របសម្រួល និងគាំទ្រដល់កំណែទម្រង់វិស័យអប់រំ ពិសេសថ្នាក់ដឹកនាំក្រសួង មន្ត្រីអប់រំ គ្រប់លំដាប់ថា្នក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងយុវជនគ្រប់រូបដែលបានចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់កន្លងមក និងនៅពេលខាងមុខ៕