ទស្សនៈអ្នកអាន៖ ផឹកទឹកភ្លេចប្រភព ទីបំផុតលោកតា គង់ គាំ បាបកម្មតាមលង
លោកគង់ គាំ អ្នកនយោបាយវិលក្បុង ម្តងលិច ម្តងកើត ចាស់ហើយគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ចេះតែរមាស់មាត់ និយាយប៉ាតណាប៉ាតណី ទីបំផុតត្រូវបានលោក ហ៊ុន សែន ដែលជាអតីតរដ្ឋមន្ត្រីការបរទេស ហើយជាមេផ្ទាល់របស់ខ្លួន និងក៏ជាអ្នកជួយចូកជួយចែវទំនុកបម្រុង និងលើកតម្កើង រហូតបានធ្វើដល់រដ្ឋមន្ត្រី ប្រកាសដកហូតដី និងផ្ទះទុកជាសម្បត្តិរបស់ក្រសួងការបរទេសវិញ។ លោកតាគង់ គាំ ទន្ទិញយ៉ាងរត់មាត់នូវទ្រឹស្តីថា «ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែគឺលោកតា គង់ គាំខ្លួនឯងនេះហើយដែលផឹកទឹកភ្លេចប្រភព ហើយទីបំផុតបាបកម្មតាមលងយ៉ាងទាន់ហន់។
សាធារណជនទូទៅ ភាគច្រើនក៏បានដឹងដែរថា លោកតា គង់ គាំ មានដីមួយឡូតិ៍យ៉ាងធំនៅផ្លូវសុធារស ជិតវត្តស្វាយពពែ គឺជាដីរបស់ក្រសួងការបរទេសដែលកាលណោះមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេសដែលលោកអាណិតលោក គង់ គាំ ហើយក៏បានអនុញ្ញាតឲ្យរស់នៅទីនោះរហូតមកដល់បច្ចុប្បន្ន។ នេះគឺជាគុណូបការៈដ៏ធំធេងរបស់លោក ហ៊ុន សែន ចំពោះលោក គង់ គាំ និងក្រុមគ្រួសារ ពីព្រោះសូមកុំភ្លេចថា «ដីនោះជាតំបន់ត្រូវប៉ាន់ មានតម្លៃខ្ពស់ ដែលអនុញ្ញាតឲ្យគ្រួសារលោកតា គង់ គាំ រស់បានយ៉ាងស្រួល»។ ប៉ុន្តែលោកតា គង់ គាំ បានបង្ហាញនូវភាពរមិលគុណចំពោះលោក ហ៊ុន សែន និង គណបក្សប្រជាជនយ៉ាងកម្រោល ដោយយកទីតាំងនោះទៅធ្វើជាទីស្នាក់ការគណបក្ស សម រង្ស៊ី ដើម្បីប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន យ៉ាងចំហរ។
គេនៅចាំបានថា កាលនោះដីរបស់ លោកតា គង់ គាំ មិនត្រឹមតែជាទីស្នាក់ការគណបក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងប្រមូលផ្តុំដោយក្រុមជ្រុលនិយម និងអ្នកស៊ីឈ្នួលធ្វើបាតុកម្មយ៉ាងច្រើនកុះករ។ ពួកគេបានមករស់នៅទីនោះជាប្រចាំហើយត្រូវបានគណបក្សប្រឆាំងមួយនេះចិញ្ចឹម និងប្រើប្រាស់ដើម្បីវាយប្រហារជេរប្រទេចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន។ សកម្មភាពបែបនេះ បានកើតឡើងជារៀងរាល់ថ្ងៃនៅលើដីរបស់លោកតា គង់ គាំ ដែលលោកហ៊ុន សែន បានអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្ន។
អាចនិយាយបានថា ពេលនោះដីរបស់លោកតា គង់ គាំ គឺជាទីតាំងប្រមូលផ្តុំរបស់ក្រុមប្រឆាំងជ្រុលនិយមដើម្បីបើកសមរភូមិវាយប្រហារទៅលើរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន យ៉ាងក្តៅគគុក។ ទោះជាយ៉ាងនេះក៏ដោយ ក៏មហាជនទូទៅនៅតែឃើញលោក ហ៊ុន សែន ក្នុងនាមជាអ្នកនយោបាយដែលមានព្រហ្មវិហារធម៌ចំពោះអតីតកូនចៅ នៅតែបន្តអនុញ្ញាតឲ្យលោកតា គង់ គាំ ស្នាក់នៅទីនោះដដែលរហូតដល់បច្ចុប្បន្ន។
ប៉ុន្តែភាពរមិលគុណនិងភ្លេចកំណើតរបស់លោកតា គង់ គាំ បានធ្វើឲ្យអ្នកនយោបាយវិលក្បុងរូបនេះបន្តភាពគឃ្លើនរបស់ខ្លួន ដោយងាកមកខាំគណបក្សប្រជាជន និងលោក ហ៊ុន សែន ដែលជាអ្នកមានគុណរបស់ខ្លួនឥតឈប់ឈរ។ អ្នកដែលបានស្តាប់សម្តីលោក គង់ គាំ ក្នុងពេលឃោសនា ប្រាកដជាឈឺចាប់ជំនួសលោក ហ៊ុន សែន យ៉ាងខ្លាំង និងឈឺចាប់លើសពី លោក ហ៊ុន សែន ១០០ ដងទៅទៀត។ តាមពិត មានមនុស្ស ច្រើនហើយដែលគិតថា លោកតា គង់ គាំ មិនសក្តិសមនឹងទទួលបាននូវក្តីសណ្តោសប្រណីពី លោក ហ៊ុន សែន បែបនេះ ពីព្រោះអ្នកនយោបាយចាស់វស្សាតែខួរស្រាលរូបនេះ មានសារជាតិជាសត្វក្រពើមិនអាចកែបានឡើយ។
ពេលនិយាយឃោសនាម្តងៗ លោកតា គង់ គាំ ធ្វើឬកឡូយណាស់ សុទ្ធតែ «ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែ «ខ្លួនឯងវិញ ផឹកទឹករួចហើយបែរជាចង់កាយដីលុបត្រពាំង ដែលខ្លួនបានផឹកនោះចោលយ៉ាងកម្រោលបំផុត»។ ឥឡូវនេះ កម្មបានតាមលងលោកតា គង់ គាំ យ៉ាងទាន់ហន់ហើយ។
នៅយប់មិញថ្ងៃទី១១ មករា ២០២៣ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្តល់កំណើតនិងផ្តល់អ្វីៗគ្រប់យ៉ាងឲ្យលោកតា គង់ គាំ បានអនុញ្ញាតឲ្យក្រសួងការបរទេសទាមទារយកដីដែលលោកគង់ គាំ កំពុងរស់នៅបណ្តោះអាសន្ននោះមកធ្វើជាកម្មសិទ្ធិរបស់ក្រសួងវិញ។ មតិយោបល់ (Comment) ដែលបានចូលក្នុងផេកហ្វេសប៊ុករបស់ លោក ហ៊ុន សែន ពាក់ព័ន្ធនឹងចំណាត់ការនេះបានធ្វើការសាទរយ៉ាងខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋាន ពីសំណាក់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកស្រឡាញ់យុត្តិធម៌ ពីព្រោះទង្វើរបស់លោក គង់ គាំ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីសារជាតិមនុស្សភ្លេចកំណើត រមិលគុណ និងភាពក្រឡិចក្រឡុចដែលពិបាកទទួលយក និងអនុគ្រោះអត់ឱនអោយបានឡើយ កុំថាឡើយតែអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា សូម្បីអ្នកគាំទ្រក្រុមប្រឆាំងក៏មិនពេញចិត្ត និងមិនទុកចិត្តលោក គង់ គាំ ដែរ ពីព្រោះតែគេបានស្គាល់សារជាតិរបស់គាត់អស់ទៅហើយ។
ដូច្នេះនៅទីបំផុត មនុស្សរមិលគុណដូចលោក គង់ គាំ ត្រូវតែជួបស្ថានភាព «ប្រាក់ក៏បង់ ថង់ក៏ដាច» ដោយសារ តែបាបកម្ម «ផឹកទឹក ភ្លេចប្រភព»។
ចាប់ពីពេលនេះតទៅ លោក គង់ គាំ នឹងទទួលបានមេរៀនពីនយោបាយរមិលគុណរបស់ខ្លួន ហើយនេះក៏ជាមេរៀនសម្រាប់ក្រុមប្រឆាំងជ្រុលនិយមផ្សេងៗទៀតដែរដែលត្រូវរៀនសូត្រពីព្រោះនយោបាយញុះញង់ បង្កការបែកបាក់ក្នុងសង្គម ពិតជាមិនផ្តល់ផលល្អនោះឡើយ។
បទពិសោធន៍ដែលគេទាញចេញបានពីបញ្ហានេះគឺចាប់ពីពេលនេះតទៅ អ្នកនយោបាយខ្មែរគួរតែរៀនពីរបៀបធ្វើនយោបាយថ្មី ពោលគឺធ្វើនយោបាយតាមរយៈការប្រកួតគ្នាដោយបង្ហាញសមត្ថភាព និងគោលនយោបាយដើម្បីទាក់ទាញអ្នកបោះឆ្នោត។ ចំណែកនយោបាយញុះញង់ វាយប្រហារ ចោទប្រកាន់ លាបពណ៌ដុតបញ្ឆេះកំហឹងពលរដ្ឋដែលនាំដល់ភាពប្រះឆាក្នុងសង្គម គ្មានទីតាំងឈរជើងទៀតឡើយនៅក្នុងសង្គមខ្មែរ ហើយតួអង្គលោកតា គង់ គាំ គឺជាគំរូស្រាប់៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ