លោកជំទាវ ឱ វណ្ណឌីន ៖ ទន្ទឹមនឹងផលប៉ះពាល់សុខភាពក្នុងពេលទឹកជំនន់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនពីវីរុសកូវីដ១៩
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា ទន្ទឹមនឹងការប្រុងប្រយ័ត្នពីផលប៉ះពាល់សុខភាពក្នុងអំឡុងពេលមានទឹកជំនន់នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តវិធានការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩។
លោកជំទាវមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសូមជម្រាបជូនថា យើងកំពុងជួបវិបត្តិ២ ក្នុងពេលតែមួយ ហេតុដូច្នេះហើយ ទន្ទឹមនឹងការប្រុងប្រយ័ត្នពីផលប៉ះពាល់សុខភាពក្នុងអំឡុងពេលមានទឹកជំនន់នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តវិធានការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ រួមជាមួយនឹងវិធានការការពារជំងឺឆ្លងផ្សេងៗទៀត ក្នុងពេលទឹកជំនន់ ដែលត្រូវបានណែនាំដោយក្រសួងសុខាភិបាល ដូចជា រក្សាអនាម័យដៃ និងខ្លួនប្រាណ ឧស្សាហ៍លាងសម្អាត និងមុជទឹក ដុសសាប៊ូ សម្អាតខ្លួនប្រាណ និង ត្រូវប្រុងប្រយ័ត្ន មិនត្រូវនៅជិតអ្នកដែលផ្តាសាយ ក្អកកណ្តាស ហើយបុគ្គលដែលមានអាការ:បែបនេះ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងទៅអ្នកដទៃ ដោយខ្ទប់មាត់នឹងកន្សែង ឬក្រម៉ា ឬប្រើម៉ាស់ ហើយសម្អាតដៃភ្លាមៗក្រោយពីក្អកកណ្តាស់មុននឹងយកដៃទៅប៉ះពាល់ផ្ទៃមុខ ឬប៉ះពាល់កូនចៅ ដែលអាចឆ្លងបន្តគ្នាជាដើម”។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី១៧តុលានេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០២នាក់ថ្មី និងនៅសល់តែ ០៣នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល។
ដោយឡែកពាក់ព័ន្ធនឹងគ្រោះទឹកជំនន់វិញ យោងតាមតួលេខរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញផ្សាយនៅថ្ងៃនេះ មានការប៉ះពាល់ដល់ ១៩ រាជធានី-ខេត្ត ហើយ ក្នុងនោះមានគ្រួសាររងផលប៉ះពាល់សរុបចំនួន ៦១ ៣៥៧គ្រួសារ ស្មើនឹង ២៤៥ ៤២៨នាក់ ហើយអ្នកដែលត្រូវជម្លៀសចេញពីផ្ទះសម្បែងនោះប្រមាណ ៧ ៩៩៧គ្រួសារ ស្មើនឹង ២៦ ៦០៨នាក់ និងបានបំផ្លាញ និងជន់លិច ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនផងដែរ៕