គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទេសរដ្ឋ​មន្ត្រី​ គន់ គីម​ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ក្រុង​ចំនួន​៣ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០​ |
    ទេសរដ្ឋ​មន្ត្រី​ គន់ គីម​ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ក្រុង​ចំនួន​៣ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ទេសរដ្ឋ​មន្ត្រី​ គន់ គីម​ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ក្រុង​ចំនួន​៣ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹ​ង​យប់​ ថ្ងៃ​ទី​១៧ ​ខែ​តុលា ​ឆ្នាំ​២០២០ ជំនន់ទឹកភ្លៀង ​បាន​ហូរ​បុក​ម​ក​ពី​ប្រទេស​ថៃ បណ្ដាល​ឲ្យ​ជន់​លិច​តំបន់​ខ្លះ ​នៃ​ស្រុក​ថ្ម​ពួក​ ស្រុក​អូរជ្រៅ ​និង​ក្រុង​ប៉ោយប៉ែត​។

    បន្ទាប់ពីបានទទួលដំណឹង​នេះ ឯកឧត្តមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ ​ចុះជម្លៀស​ប្រជាពលរដ្ឋ​ទាំងយប់​ ដើម្បី​បញ្ជូន​ពួកគាត់​ទៅរកទីទួល​សុវត្ថិភាព​។ ឯកឧត្ដម​បានបញ្ជាក់ថា​ ទឹកហូរមកពីប្រទេសថៃនេះ មិនមែនជាការបើកទំនប់នោះទេ តែ​វា​ជា​ទឹកភ្លៀង​ដែល​ហូរហៀរ​ធ្លាក់​មក គួប​ផ្សំ​នឹងទឹក​ភ្លៀង​នៅ​ក្នុង​ប្រទេស​យើង​ផង ​ទើប​ធ្វើ​ឲ្យ​ទឹក​ជន់​លិច។ ដោយឡែក ទំនប់នៅក្នុងខេត្តស្រះកែវនោះ ថៃធ្លាប់ជូនដំណឹងមកថា បើកនោះ គឺគេមិន​ទាន់​បើក​មក​ទេ​។

    អភិបាលខេត្ត បានបន្ថែមថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅប៉ោយប៉ែត ប្រមាណ៥០គ្រួសារ ត្រូវបានជម្លៀស ចេញពីលំនៅឋាន។ រីឯ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ប្រឈម​នឹង​ការ​លិច​លង់ ត្រូវបានជូនដំណឹងឱ្យត្រៀមលក្ខណៈក្នុងការជម្លៀស ខណៈ​កង​កម្លាំង​ត្រូវ​បាន​ណែនាំ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ និងជម្លៀសពួកគាត់។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុង​ឈរ​ជើងនៅខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទឹកធ្លាក់មកពីថៃ បានហូរ​បុក​មក​យ៉ាង​ខ្លាំង ចូលក្នុងឃុំចំនួនពីរ នៃស្រុកថ្មពួក។ នៅពេលនេះ ឯកឧត្ដម​​បាន​បញ្ជា​ឲ្យកង​ពលតូច​ថ្មើរ​ជើង​លេខ​៥១ យោធាខេត្ត នគរបាល និងកងពលពិសេស៩១១ ចេញទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ ។ កងកម្លាំងខ្លះបានជួយជញ្ជូនទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នាំទៅដាក់ទីទួលមានសុវត្ថិភាព។

    គិតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គ្រោះទឹកជំនន់នេះ បានសម្លាប់​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​បន្ទាយមានជ័យ ចំនួន១២នាក់។ ប៉ុន្ដែដើម្បីជួយដោះស្រាយការលំបាកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៧ ខែតុលា នេះ បានសម្រេចបន្ថែមកញ្ចប់ថវិកាចំនួន១០ម៉ឺនដុល្លារបន្ថែមទៀត ជូនដល់ខេត្តខេត្តបន្ទាយមានជ័យ ដោយទទួលបានថវិកាសរុបចំនួន២០ម៉ឺនដុល្លារ។

    តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និងឃុំ/សង្កាត់ចំនួន៤៩។ គ្រោះ​ទឹក​ជំនន់​នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ជាង១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋ ជាង២ពាន់គ្រួសារ ត្រូវ​បាន​ជម្លៀសទៅ​រកទីទួលសុវត្ថិភាព៕

    ពាក្យគន្លឹះទាក់ទង