ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់សុខទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាជនពិការប្រភេទក១ និងក២។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ជាពិសេសសូមឲ្យអតីតយុទ្ធជនទាំងអស់បន្តអនុវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់សុខទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលី និងលះបង់ ដើម្បីជាតិច្រើនណាស់។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្តកំពង់ចាម ត្រូវពន្លឿនការដោះស្រាយប្រាក់គោលនយោបាយជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា៕