គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រឹទ្ធសភាសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ព្រឹទ្ធសភាសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ព្រឹទ្ធសភាសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម

    ភ្នំពេញ​៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា   បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បើទោះបីជាមានការរិះគន់ពីក្រុមអតីតគណបក្សប្រឆាំងក្តី ហើយថា ការបោះនេះក៏ដើម្បីធ្វើឱ្យច្បាស់ទិសដើរនៃខ្សែព្រំដែន នៃប្រទេសទាំងពីរឲ្យបានមួយរយភាគរយ ផងដែរ។

    ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីសម័យប្រជុំលើកទី៦ នីតិកាលទី៤នៃព្រឹទ្ធសភានាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះសមាជិក ព្រឹទ្ធសភាទាំង៥២រូបបានសម្រេចជាឯកឆ័ននូវសេចក្តីព្រៀងច្បាប់នេះ ដោយគិតថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តដ៏មោះមុត និងសុឆន្ទះដើម្បីសម្រេចឱ្យបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមមាត្រា២ ជំពូកទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជនកម្ពុជា ប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនមានសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសភូមិផងរបងជាមួយស្របតាមគោលការណ៍ច្បាប់ជាតិ និងការអនុវត្តជាអន្ដរជាតិស្ដីពីបញ្ហាព្រំដែនជាដើមនោះ។

    សូមបញ្ជាក់ថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម សម្រេចបាននូវសមិទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក បានចំនួន៨៤% នៃខ្សែព្រំដែនរួម ដែលក្នុងនោះខណ្ឌសីមាព្រំដែនបានប្រវែង ១០៤៥គីឡូម៉ែត្រ និងបោះបង្គោលព្រំដែនធំបានចំនួន ៣១៥បង្គោល បង្គោលខណ្ឌសីមាព្រំដែនបានចំនួន ១ ៥១១បង្គោល បង្គោលតម្រុយព្រំដែនបានចំនួន ២២១ និងចំណុចពិសេសដើម្បីធ្វើឱ្យច្បាស់ទិសដើរនៃខ្សែព្រំដែន នៅលើដីជាក់ស្ដែងចំនួន ១ ០០០ សរុបមានចំនួន ៣ ០៤៧បង្គោល នៅលើដី និងនៅលើផែនទី។ ដោយឡែកការនៅសេសសល់ចំនួនជាង១០ភាគរយទៀតនឹងធ្វើការបោះជាបន្តបន្ទាប់ ដោយមានការចូលរួមជាអជ្ញាកណ្តាលពីសំណាក់អន្តរជាតិផងដែរ ជាពិសេសគឺរដ្ឋាភិបាលបារាំងតែម្តង៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង