នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ នៅអគ្គបញ្ជាការដ្ឋាន ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនលោក វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋ:ផន ដែលទើបបានតែងតាំងថ្មីជាសេនានុព័ន្ធកងទ័ពជើងអាកាស និងជានាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃប្រចាំកម្ពុជា។
ក្នុងជំនួបនោះដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះវរសេនីយ៍ឯក អនិរុទ្ទ រដ្ឋ:ផន ដែលទើបតែងតាំងថ្មីមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយឯកឧត្តម នាយឧត្ដមសេនីយ៍ បានមានជំនឿយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតរបស់លោក ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្នកងទ័ពប្រទេសទាំងពីរតែងបានរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរចាប់តាំង ពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ក្រោម ជាពិសេសកិច្ចទំនាក់ទំនងនៅតាមបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោកវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការ និងបណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងជួយសម្រួលកិច្ចការនានាបានល្អក្នុងពេលកន្លងមក៕