នាយឧត្ដមសេនីយ៍ វង្ស ពិសេន វាយតម្លៃខ្ពស់ចំពោះកងយោធពលខេមរភូមិន្ទដែលបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចការពារបូរណភាពទឹកដី
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចការពារបូរណភាពទឹកដី ជាពិសេសបានចូលជ្រៅដល់ដំណើរការកំណែទម្រង់កងយោធពលខេមរភូមិន្ទ(និយាយជារួម) និងនិយាយដោយឡែក បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំជម្នះគ្រប់ឧបសគ្គ និង សម្រេចបានលទ្ធផលគួរជាទីមោទនៈ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានប្រសាសន៍បែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួសនាយឧត្ដមសេនីយ៍ ជា សារ៉ន ដែលត្រូវទៅទទួលភារកិច្ចថ្មីជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ក្នុងរបាយការណ៍ស្វាគមន៍ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការរីកចម្រើនលើគ្រប់ផ្នែករបស់បញ្ជាការដ្ឋានកងទ័ពជើងគោក មានដូចជា ម្ចាស់ការបំពេញភារកិច្ចស្នូល ការងារហ្វឹកហ្វឺន ការចូលរួមស្តារ អភិវឌ្ឍសង្គមជាតិ រួមទាំងកិច្ចសហការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ដែលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យប្រកាសតែងតាំងមុខតំណែងជានាយសេនាធិការបញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួសនាយឧត្ដមសេនីយ៍ ជា សារ៉ន នាពេលនេះផងដែរ។ នាយឧត្ដមសេនីយ៍ក៏បានផ្ដាំផ្ញើដល់នាយសេនាធិការដែលទើបតែងតាំងថ្មីត្រូវខិតខំបំពេញភារកិច្ចក្នុងនាមជានាយសេនាធិការកងទ័ពជើងគោក ការលើកកម្ពស់សមត្ថភាព សីលធម៌ គុណធម៌ ការចែករំលែកចំណេះដឹង បទពិសោធន៍ដល់នាយទាហានបន្តវេន និងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង។
បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់លក្ខ័ន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ, គោរពអនុវត្តឲ្យបានម៉ឺងម៉ាត់បទបញ្ញត្តិ ១០ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសអបអរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក(២៤-មករា-២០១៩)។ ទន្ទឹមនោះ ត្រូវចូលរួមការពារសន្តិភាពឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ និងត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្សសម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគត៕