រដ្ឋបាលរាជធានី នឹងស្ថាបនាមហាវិថីថ្មី នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ
ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាមហាវិថីថ្មីមានទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ថា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោង នឹងបើកការដ្ឋានស្ថាបនា មហាវិថីមួយខ្សែនេះ នៅសប្តាហ៍ក្រោយ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមហាវិថីនេះមានប្រវែង ៥៨៦០ម៉ែត្រ និងទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាលទំហំ២ម៉ែត្រ និងតួផ្លូវ១២ម៉ែត្រសងខាង ដែលអាចឲ្យរថយន្តធ្វើចរាចរណ៍ បាន៣គន្លងទៅ ៣គន្លងមក មាន១គន្លងទៅមក សម្រាប់ម៉ូតូ និងមានចិញ្ចើមផ្លូវសងខាងទំហំ២ម៉ែត្រសម្រាប់អ្នកថ្មើជើង រួមជាមួយនឹងការដាក់លូសង្ខាងផ្លូវទំហំ៨តឹកផងដែរ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ការដ្ឋាននេះគ្រោងនឹងស្ថាបនារួចរាល់ក្នុងរយៈពេល៦ខែ៕