សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារចិន
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការពារប្រទេសចិន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជំនួបពិភាក្សារវាងប្រមុខការពារជាតិទាំងពីរបានធ្វើឡើងនៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសិង្ហបុរី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ។
តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។