គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជានឹង​អញ្ជើញចូលរួម​កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី នៅថ្ងៃទី៦កក្កដា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១​ |
    ប្រមុខការទូតកម្ពុជានឹង​អញ្ជើញចូលរួម​កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី នៅថ្ងៃទី៦កក្កដា ប្រមុខការទូតកម្ពុជានឹង​អញ្ជើញចូលរួម​កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី នៅថ្ងៃទី៦កក្កដា

    ភ្នំពេញ​៖ ឯកឧត្ដម​ ប្រាក់ សុខុន​ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេស​រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បី​រំលឹកខួប​អនុស្សាវរីយ៍លើកទី២៥ នៃ​ភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី​០៦ ខែកក្កដា​ ឆ្នាំ២០២១ តាមរប្រព័ន្ធវីដេអូ។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយនៅថ្ងៃទី០៥កក្កដានេះ។

    សេចក្ដីប្រកាសឲ្យដឹង​ដែរថា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែល​ជាប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-រុស្ស៊ីនាពេល​បច្ចុប្បន្ន​ និងសហព័ន្ធរុស្ស៊ី នឹងធ្វើជាសហប្រធានដឹកនាំកិច្ច​ប្រជុំ​។

    កិច្ច​ប្រជុំ​នេះ​នឹងពិនិត្យឡើង​វិញ​នូវសមិទ្ធផល​នៃ​ទំនាក់ទំនង​អាស៊ាន​-រុស្ស៊ី ដែលសម្រេច​បាន​ក្នុងរយៈ​ពេល​ ២៥ឆ្នាំ​កន្លងមក​ លើ​វិស័យ​ជាច្រើន​ រួមមាន​កិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ ការប្រាស្រ័យទាក់ទងគ្នា​រវាងប្រជាជន​ និង​ប្រជាជន​ ក៏ដូចជា​បន្ត​ការ​តាមដាន​ការងារ​ក្រោយកិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-រុស្ស៊ី ស្ដីពី​ជំងឺកូវីដ១៩ ដែលបាន​ប្រព្រឹត្តទៅ​កាលពីឆ្នាំមុន​។

    កិច្ច​ប្រជុំ​តាមប្រព័ន្ធវីដេអូនេះ គឺជាការបោះជំហាន​ទៅមុខ​បន្ថែម​ទៀត​នៅក្នុង​ភាពជាដៃ​គូ​យុទ្ធសាស្ត្រ​​អាស៊ាន​-រុស្ស៊ី សម្រាបកិច្ច​សហប្រតិបត្តិការ​យូរអង្វែង​ ក្នុងខណៈដែលពិភពលោក​កំពុង​មានបញ្ហា​ប្រឈម។

    គួរកត់សំគាល់​ផងដែរថា​ ប្រទេសកម្ពុជា​នឹង​ទទួល​តួនាទី​ជាប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ​២០២១នេះ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង