ឯកឧត្តម ប្រាក់ សុខុន អំពាវនាវឲ្យប្រជាពលរដ្ឋស្រុកស្អាង បន្តអនុវត្តវិធានការការពារមេរោគកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន
កណ្ដាល៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្អាង បានអញ្ជើញ ជួបសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់គ្រួសារក្រីក្រសរុបចំនួន ៩២០ គ្រួសារ ដែល៥២០គ្រួសារ មកពីឃុំខ្ពប ឃុំសាទ ឃុំតាលន់ ឃុំត្រើយស្លា និងឃុំស្វាយប្រទាល និង៤០០គ្រួសារ មកពីឃុំកោះសាច់ទន្លា ឃុំព្រែកគយ ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ឯកឧត្តម ប្រាក់ សុខុន បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកស្អាងទាំងអស់បន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនបំផុតចំពោះវិធានការការពារមេរោគកូវិដ១៩ ខណៈមេរោគដ៏កាចសាហាវមួយនេះបន្តយាយីដល់បងប្អូនជានិច្ច ប្រសិនបើបងប្អូនមានការធ្វេសប្រហែស មិនធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនោះ។
ថ្លែងនៅក្នុងពិធីចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនគ្រួសារក្រីក្រជិតមួយពាន់គ្រួសារនៅស្រុកស្អាង ខេត្តកណ្តាល ឯកឧត្តម ប្រាក់ សុខុន បានលើកឡើង បងប្អូនទាំងអស់មិនត្រូវធ្វេសប្រហែសនោះឡើយចំពោះមេរោគកូវិដ១៩នេះ ត្រូវបន្តអនុវត្តន៍ឲ្យបានត្រឹមត្រូវបំផុត និងគ្រប់ពេលវេលា ត្រូវនៅគម្លាតគ្នា លាងដៃ និងពាក់ម៉ាស់ជាដើម។
ឯកឧត្តមបានបន្តថា បើទោះបីជាករណីមេរោគកូវិដ១៩នេះ នៅប្រទេសកម្ពុជាយើងពុំមានអ្នកស្លាប់ក្តី ប៉ុន្តែយើងទាំងអស់គ្នាក៏មិនត្រូវភ្លេចខ្លួនក្នុងកិច្ចការពារវានោះដែរ ហើយនាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលរបស់យើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំគ្រប់ពេលវេលាទាំងអស់ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត ដោយបានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិមេរោគកូវិដ១៩នេះ។
ឯកឧត្តមបានបន្តទៀតថា« ទីណាមានទុក្ខ ទីនោះមានសម្តេចតេជោទៅជួយ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាទៅជួយ ទីណាមានទុក្ខ គឺទីនោះមានក្រុមការងារគណបក្សប្រជាជនកម្ពុជាទៅជួយ»។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានរំលឹកដល់ថ្ងៃទី៧មករា ដែលជាកំណើតទី២របស់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ ហើយឯកឧត្តមបានអំពាវនាវដល់បងប្អូននៅស្រុកស្អាងទាំងអស់មិនត្រូវបំភ្លេចនូវគុណទិវានេះឡើយ ចំពោះថ្ងៃជ័យជន្នះ ៧មករា លើកទី៤២ឆ្នាំនេះ(៧មករាឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២១)។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋជិតមួយពាន់គ្រួសារនោះគឺមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ថ្នាំពេទ្យ និងថវិកាមួយចំនួនទៀត៕