សម្ដេចពិជ័យសេនា ទៀ បាញ់៖ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹកនៅសមុទ្ររាម សម្រាប់កម្ពុជាប្រើប្រាស់ មិនមែនបរទេសនោះទេ
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថា ការអភិវឌ្ឍមូលដ្ឋាន ទ័ពជើងទឹក នៅសមុទ្ររាម ខេត្តព្រះសីហនុ គឺសម្រាប់តែការប្រើប្រាស់ផ្ដាច់មុខជារបស់កងទ័ពជើងទឹក កម្ពុជាតែប៉ុណ្ណោះ មិនសម្រាប់កងទ័ពបរទេសនោះទេ និងក៏ដើម្បីជាទីសំចតនាវាគ្រប់ប្រភេទ ដែលអន្តរ ជាតិស្នើសុំចតផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា ម្សិល មិញ បានជួបសវនាការជាមួយលោក ប៉ាទ្រីក មូហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ រិកប្រចាំកម្ពុជា ដែលក្នុងជំនួបនេះ សម្ដេចពិជ័យសេនា បានបញ្ជាក់ថា គម្រោងការប្រែក្លាយមូលដ្ឋាន សមុទ្ររាម ជាកំពង់ផែអន្តរជាតិនេះ ត្រូវបានធ្វើការសិក្សាអស់រយៈពេលជាង១០ឆ្នាំ មកហើយ។ ដូច្នេះ បន្ទាប់ពីការអភិវឌ្ឍរួច កំពង់ផែនេះ នឹងទទួលការចូលចតគ្រប់នាវាទាំងអស់។ មួយវិញទៀត រដ្ឋធម្មនុញ្ញ កម្ពុជា បានចែងច្បាស់ គឺមិនឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ»។
សហរដ្ឋអាមេរិក កន្លងមក ជាច្រើនលើក បានចោទប្រកាន់ថា កម្ពុជា បានអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានទ័ពរបស់ខ្លួនលើដឹកដីកម្ពុជា ជាពិសេសគឺមូលដ្ឋានសមុទ្ររាម នៅខេត្តព្រះសីហនុ តែម្តង។
យ៉ាងណាក៏ដោយ សម្តេចពិជ័យសេនា បានថ្លែងអំណរគុណដល់អាមេរិក ដែលកន្លងមក បាន ជួយហ្វឹកហ្វឺនដល់កងទ័ពកម្ពុជា ដូចជា វិស័យដោះមីន សន្តិសុខលម្ហសមុទ្រ សង្គ្រោះគ្រោះមហន្តរាយ និងជំនាញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឆ្នាំ២០០៩–២០១០ អាមេរិក បានជួយសាង សង់សាលាហ្វឹកហ្វឺនរក្សាសន្តិភាព ACO នៅខេត្តកំពង់ស្ពឺ ព្រមទាំងបានផ្តល់សម្ភារមួយចំនួនទៀត និង ជួយគាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះធ្វើលំហាត់ហ្វឹកហ្វឺន GPOI ឆ្មាំអង្គរ ២០១០ ដែលតាមរយៈលំហាត់ហ្វឹកហ្វឺននេះ បានធ្វើឱ្យកងទ័ពកម្ពុជា មានសមត្ថភាពចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅបរទេស កាន់តែច្រើន»។
សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា« ជោគជ័យនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា គឺ មិនអាចកាត់ផ្ដាច់បានពីការគាំទ្ររបស់អាមេរិក។ ប៉ុន្តែជាចុងក្រោយ ទំនាក់ទំនងទ្វេភាគីរវាងកងទ័ព ប្រទេសទាំងពីរ កម្ពុជា-អាមេរិក មានការរអាក់រអួលដោយសារព្រឹត្តិការណ៍ នយោបាយ ជាពិសេសការ ប្រឈមនឹងវិបត្តិកូវីដ–១៩នេះតែម្តង»។
លោក ប៉ាទ្រីក មូហ្វ៊ី បានសំដែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការយោធាកន្លង មក រវាងកងទ័ពទាំងពីរ (កម្ពុជា-អាមេរិក) ។ ជាពិសេសការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មរក្សា សន្តិភាព ដែលជាការតបស្នងទៅនឹងអង្គការសហប្រជាជាតិនោះ។ លោកឯកអគ្គរដ្ឋទូតរំពឹងថា ទំនាក់ទំ នង រវាងកម្ពុជា និងអាមេរិក នៅតែបន្ត៕ ប្រភព៖ BTVNews