គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម​ នេត្រ ​ភក្ត្រា ​សង្ឃឹម​ថា ​ស្មារតី​នៃ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នឹង​ស្ថិត​ជា​នៅ​ជា​និរន្តរ៍​ជា​មួយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឯកឧត្តម​ នេត្រ ​ភក្ត្រា ​សង្ឃឹម​ថា ​ស្មារតី​នៃ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នឹង​ស្ថិត​ជា​នៅ​ជា​និរន្តរ៍​ជា​មួយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ឯកឧត្តម​ នេត្រ ​ភក្ត្រា ​សង្ឃឹម​ថា ​ស្មារតី​នៃ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នឹង​ស្ថិត​ជា​នៅ​ជា​និរន្តរ៍​ជា​មួយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​

    ព្រះវិហារ​៖ ថ្លែង​ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ​២៣​វិច្ឆិកា​ ​​នៅសា​លា​ខេ​ត្ត​ព្រះវិហារ​ នា​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២០​ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ សង្ឃឹម​ថា​ ស្មារតី​នៃ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នឹង​ស្ថិត​ជា​នៅ​ជា​និរន្តរ៍​ជា​មួយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​។​

    ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ក្រោម​អធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន, ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ-ក្រោមជាតិ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន និងប្រជាសហគមន៍ជាច្រើនរូប។

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ សំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះដែលពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់។

    ​ឯកឧត្ដម​បន្ត​ថា​ ស្ថានភាពនេះ បានតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាជាបន្តបន្ទាប់ ជាពិសេសដើម្បីធ្វើទំនើបកម្មប្រព័ន្ធប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹង ដោយមានការគិតគូរគ្រប់ជ្រុងជ្រោយដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តទៅទីក្រុង និងទីប្រជុំជនធំៗមួយចំនួនទៀត នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាប្រការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅការរស់នៅប្រកបដោយសុខមាលភាព និងចីរភាពរបស់ប្រជាជនយើង។ ឯកឧត្តម សង្ឃឹមថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនេះ នឹងស្ថិតជានៅជានិរន្តរ៍ជាមួយប្រជាជនកម្ពុជាគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ។

    គួរបញ្ជាក់ឲ្យដឹងថា ក្រសួងបរិស្ថាន ប្រារព្ធទិវានេះ ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យ ចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានី-ខេត្តទូទាំងប្រទេស៕

     

     

    ពាក្យគន្លឹះទាក់ទង