អ្នកនាំពាក្យក្រសួងបរិស្ថានថា កម្ពុជាបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងមួយឆ្នាំៗ ក្នុងនោះ៦៥% ជាសំណល់សិរីរាង្
សៀមរាប៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិរីរាង្គ , ២០% ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។
លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលអញ្ជើញចូលរួមក្នុងទិវាអនាម័យបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ និងពិធីបុណ្យទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ២០២០ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក នេត្រ ភក្ត្រា បានឲ្យដឹងដែរថា ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោល។ កម្ពុជាមិនទាន់មានតួលេខថាក្នុងមួយឆ្នាំប្រើប្រាស់ប្លាស្ទិកប៉ុន្មានតោននៅឡើយ ប៉ុន្តែគ្រាន់តែនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃថង់ប្លាស្ទិកជាង ១០លានថង់ ត្រូវបានប្រើប្រាស់។
លោក នេត្រ ភក្ត្រា បានលើកឡើងថា តាមរបាយការណ៍កាលពីឆ្នាំ២០១៩កន្លងទៅ សំណល់ប្លាស្ទិកជាង ៤០០០ ការ៉ុង (ទម្ងន់ប្រមាណជិត ២០០តោន) ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ២០២០ នេះ សំណល់ប្លាស្ទិកប្រមាណជាង ៥០០០ថង់ (ប្រមាណជិត ២៥០តោន) ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។
ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាសហគមន៍រស់នៅលើបឹងទន្លេសាបទាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តដទៃទៀតរួមមាន៖ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ចូលរួមសម្អាតបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសំដៅទប់ស្កាត់ការបំពុលប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅទន្លេសាបជាបឹងដែលពិភពលោកទទួលស្គាល់ថាសម្បូរត្រីច្រើនជាងគេ។ បឹងទន្លេសាបមានទេសភាពស្អាតសម្បូរដោយជីវៈចម្រុះ ជាពិសេសមច្ឆជាតិជាច្រើនប្រភេទ មានប្រព័ន្ធអេកូឡូស៊ី ដែលចាំបាច់ត្រូវតែទប់ស្កាត់កុំឱ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឱ្យបានល្អ សោភ័ណភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
លោក នេត្រ ភក្ត្រា បានបន្តថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកនៅថ្ងៃនេះ ដើម្បីបំផុសចលនាឱ្យប្រជាពលរដ្ឋបញ្ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឱ្យបឹងទន្លេសាប ទទួលរងនូវការបំពុលដោយសំរាមជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។ ការអប់រំ និងផ្សព្វផ្សាយលើផលប៉ះពាល់ពីសំណល់ប្លាស្ទិកពិតជាមានសារៈសំខាន់ និងត្រូវធ្វើជាប្រចាំហើយជាមួយគ្នានេះត្រូវមានការចូលរួមអនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាប។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា នៅលើពិភពលោក ក្នុងមួយឆ្នាំបានប្រើប្រាស់ប្លាស្ទិកចន្លោះពី៤០០ ទៅ៦០០លានតោន ហើយចាប់តាំងពីបង្កើតប្លាស្ទិកមក សំណល់ប្លាស្ទិកនៅលើភពផែនដីមានប្រមាណ ៩,៣ប៊ីលានតោន ហើយចំនួននេះនឹងត្រូវបន្តកើនឡើងនៅពេលដែលចាប់ពីឆ្នាំ២០២៥ ពិភពលោកប្រើប្រាស់ប្លាស្ទិកប្រមាណ ៦០០លានតោន ក្នុងមួយឆ្នាំ។ ប្រសិនបើមិនមានវិធានការតឹងរឹងក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកទេ នៅលើពិភពលោកនឹងមានសំណល់ប្លាស្ទិកកើនដល់ ៣៤ប៊ីលានតោននៅឆ្នាំ២០៥០ ហើយចំនួននេះមាន ច្រើនជាងចំនួនត្រីនៅក្នុងមហាសមុទ្រទៅទៀត៕ ប្រភព៖ FreshNews