ក្រុមបាតុករគាំទ្រលោក Trump ប្រមូលផ្ដុំគ្នានៅក្រៅវិមានរដ្ឋនានាទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងជ័យជម្នះរបស់លោក Joe Biden
អាមេរិក៖ ក្រុមបាតុករគាំទ្រលោកប្រធានាធិបតី Donald Trump បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋនានា នៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដែលនាំឲ្យមន្ត្រីមួយចំនួនជម្លៀសខ្លួន ខណៈពេលដែលស្រែកអបអរសាទរនៅឯកន្លែងបាតុកម្មជាច្រើន នៅពេលក្រុមបាតុករគាំទ្រលោក Trump បានសម្រុកចូលវិមានកាពីតូលសហរដ្ឋអាមេរិក។
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីប្រចាំរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ដោយគ្រវីស្លាកសញ្ញាផ្សេងៗសរសេរថា “ឈប់លួច” និងពាក្យថា “៤ឆ្នាំទៀត”។ ភាគច្រើននៃពួកគេមិនបានពាក់ម៉ាស់មុខទេ ស្របពេលមានការឆ្លងរាលដាលនៃជំងឺ COVID-19។ នៅទីក្រុងអូឡាំព្យារដ្ឋវ៉ាស៊ីនតោន ក្រុមបាតុករគាំទ្រលោក Trump បានសម្រុកចូលតាមខ្លោងទ្វារមួយ នៅវិមានរបស់អភិបាលរដ្ឋវ៉ាស៊ីនតោនកាលពីរសៀលថ្ងៃពុធ ហើយមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅលើវាលស្មៅ។ ហ្វូងមនុស្សដែលអ្នកខ្លះប្រដាប់ដោយអាវុធ បានលើកឡើងដដែលៗពីការចោទប្រកាន់គ្មានមូលដ្ឋាននៃការលួចបន្លំសន្លឹកឆ្នោត ហើយវាបានកើតឡើងនៅថ្ងៃតែមួយ នៃក្រុមបាតុករគាំទ្រលោក Trump បានសម្រុកចូលទៅវិមានកាពីតូលសហរដ្ឋអាមេរិក។
មុននេះមានមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នា នៅឯវិមានកាពីតូលរដ្ឋមួយនេះ ដើម្បីទាមទារការរាប់សន្លឹកឆ្នោតឡើងវិញ នៃបោះឆ្នោតប្រធានាធិបតីអាមេរិក និងការបោះឆ្នោតនៅទីក្រុងវ៉ាស៊ីនតោន ដែលគណបក្សប្រជាធិបតេយ្យបានទទួលសំឡេងគាំទ្រច្រើនជាង ៥០០.០០០សំឡេង។ ស្របពេលជាមួយគ្នានោះ ក៏មានការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ផងដែរកាលពីល្ងាចថ្ងៃពុធ ក្រុមអ្នកតវ៉ាជាច្រើននាក់បាននាំគ្នាចេញតវ៉ាប្រឆាំងនឹងលោក Trump នៅក្នុងទីលានចតុរង្គ Times របស់ក្រុង New York ដោយកាន់ផ្ទាំងប្រកាសផ្សេងៗអំពាវនាវឲ្យលោក Trump ទទួលយកលទ្ធផល៕