គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួន ចាប់ផ្ដើមបើកទ្វារឲ្យសិស្សចូលសិក្សាវិញហើយ បន្ទាប់ពីបានបិទរយៈពេល៦ខែ ព្រោះកូវីដ១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧កញ្ញានេះ មានគ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជនមួយចំនួន ដែលត្រូវបានអនុញ្ញាតដោយក្រសួងអប់រំ យុវជន និងកីឡា បានបើកទ្វារឲ្យសិស្សានុសិស្សចូលសិក្សាវិញហើយ ដោយគោរពទៅតាមវិធានណែនាំ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។
សូមជំរាបជូនថា ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដោយអនុញ្ញាតឲ្យ មានអ្នកសិក្សា ចំនួន ២០ ទៅ២៥ នាក់ ក្នុងមួយបន្ទប់ និងរក្សាគម្លាតបុគ្គល ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។ ករណីពិនិត្យឃើញថា បុគ្គលិកសិក្សា គ្រូ ឬសិស្សានុសិស្ស ណាដែលមានកម្ដៅលើសពី ៣៧,៥អង្សាសេ គឺមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណសាលារៀននោះទេ ហើយត្រូវសហការជាមួយអាជ្ញាធរ និងមន្ត្រីក្រសួងសុខាភិបាលដើម្បីរកសេវាព្យាបាល។
សូមរំលឹកដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀនទាំងអស់នៅកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលបិទសាលារៀន នេះដែរ ក្រសួងអប់រំក៏បានដាក់ចេញនូវយន្តការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអនឡាញជាច្រើនទម្រង់សម្រាប់សិស្ស-និស្សិតផងដែរ៕