គិតមកដល់ពេលនេះ ពលរដ្ឋនៅភ្នំពេញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៥ បានជាង ២ម៉ឺននាក់
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០មិថុនាម្សិលមិញ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ទី៥ មានសរុបចំនួន ២២០៨៦នាក់។ នេះបើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់នៅតាមមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅតែបន្តយុទ្ធនាការផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ មិនថាថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះទេ គឺក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងជូនជាធម្មតា ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារអាយុចាប់ពី៣ឆ្នាំឡើងរួមមាន៖
១. ការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ (គោលដៅ៧២ ៨៥៤នាក់) ដូសទី១៖ ៩២.៣%, ដូសទី២៖ ៦១.៥៤%។
២. ការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៥ឆ្នាំ (គោលដៅ៤៩ ៨៤៨នាក់) ដូសទី១៖ ១២១.៨៧%, ដូសទី២៖ ១០២.០៩% និងដូសទី៣៖ ៥.៧៥%។
៣. ការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ(គោលដៅ២២១ ១៣៦នាក់) ដូសទី១៖ ១០៦.៥៦%, ដូសទី២៖ ១១១.៣៥% និងដូសទី៣៖ ៦៥.៦០%។
៤. ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង (គោលដៅ១ ៤១២ ៧៦៩នាក់) ដូសទី១៖ ១២៥.១៨%, ដូសទី២៖ ១២១.៨១%, ដូសទី៣៖ ១០៤.៦២% និងដូសទី៤៖ ៧៦.១១%៕