តុលាការ សម្រេចលើកលែងការចោទប្រកាន់ និងបញ្ឈប់ការចាប់ខ្លួនលោក សេង សារី
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានចេញដីកាបញ្ឈប់ការចាប់ខ្លួនលោក សេង សេរី ក្រោយពីមានសំណេរអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
លោក សេង សារី ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៧ ថ្ងៃទី២០ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ និងអំឡុងពេលបន្តបន្ទាប់បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
តាមដីកាលើកលែងចោទប្រកាន់លេខ ៤៥៦០ “ល” ដ.ដ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងចោទប្រកាន់លើជនត្រូវចោទឈ្មោះ សេង សារី ភេទប្រុស កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៧៩ គប្បីបញ្ឈប់ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៨៩ “ល” ដ.ច.ន ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លើជនត្រូវចោទខាងលើនេះ។
គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី២០កញ្ញាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានស្នើឲ្យតុលាការបញ្ឈប់ដីកាតាមចាប់លោក សេង សារី។ សម្តេចថា សម្តេចបានស្តាប់ការបកស្រាយរបស់លោក សេង សារី យ៉ាងយកចិត្តទុកដាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន The Cambodia Daily ហើយសម្តេចឈ្វេងយល់ថា ការបកស្រាយរបស់លោក អំពីកម្លាំងទាំង៦នោះ គឺសមហេតុផល និងអាចទទួលយកបាន។ ដូច្នេះហើយសម្ដេចបានអំពាវនាវឲ្យស្ថាប័នតុលាការពិនិត្យ ពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី ។ ទន្ទឹមគ្នានេះ សម្តេចលើកទឹកចិត្តឲ្យលោក សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម៕