ទិវាអូហ្សូនពិភពលោកឆ្នាំនេះ ប្រារព្ធឡើង ក្រោមប្រធានបទ »អូហ្សូនសម្រាប់ជីវិត៖ ៣៥ឆ្នាំនៃកិច្ចការពារស្រទាប់អូហ្សូន»
ភ្នំពេញ៖ យោងតាមសារលិខិតរបស់ក្រសួងបរិស្ថានដែលទទួលបាននៅថ្ងៃទី១៥កញ្ញានេះ បានឲ្យដឹងថា លេខាធិការដ្ឋានអូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិជាតិកំណត់យកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ប្រារព្ធទិវាអូហ្សូនពិភពលោក ក្រោមប្រធានបទ»អូហ្សូនសម្រាប់ជីវិត៖ ៣៥ឆ្នាំនៃកិច្ចការពារស្រទាប់អូហ្សូន» ។
ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាទរយ៉ាងកក់ក្ដៅជាមួយរដ្ឋាភិបាល និងបណ្ដាប្រជាជាតិចំនួន ១៩៧ លើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ»អូហ្សូនសម្រាប់ជីវិត៖ ៣៥ឆ្នាំនៃកិច្ចការពារស្រទាប់អូហ្សូន» ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃស្រទាប់អូហ្សូនសមរាប់ជីវិតលើភពផែនដីយើងនេះ និងឲ្យបន្តចូលរួមកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីថែរក្សាការពារស្រទាប់អូហ្សូន។
ឯកឧត្ដម បានចាត់ទុកការប្រារព្ធទិវានេះគឺជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃការថែរក្សាការពារស្រទាប់អូហ្សូន ដែលរបាំងការពារភពផែនដី និងការកាត់បន្ថយការកើនឡើងកំដៅផែនដី។ ឯកឧត្ដមក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេសអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុត្រជាក់ សូមយកចិត្តទុកដាក់អនុវត្តឲ្យបានជោគជ័យនូវលិខិតបទដ្ឋានគតិយុត្តផ្សេងទឿត ទាក់ទាងនឹងការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា៕