សម្ដេចតេជោ ហ៊ុន សែន ចាត់តាំងបេសកជនពិសេសចូលរួមពិធីអបអរសាទរការប្រកាសចូលកាន់តំណែងរបស់ប្រធានាធិបតីទី១៧ ប្រទេសហ្វីលីពីន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់តាំងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាបេសកជនពិសេសទៅចូលរួមក្នុងពិធីអបអរសាទរការប្រកាសចូលកាន់តំណែងរបស់ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ដែលបានជាប់ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេសតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួមអបអសាទរ និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីទី១៧ ហ្វីលីពីន នៅវិមានប្រធានាធិបតី នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម សាយ សំអាល់ បានពាំនាំការសាកសួរសុខទុក្ខ និងផ្តាំផ្ញើការជូនពរពីសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាជូនចំពោះឯកឧត្តមប្រធានាធិបតី ចំពោះការជាប់ឆ្នោតជាប្រធានាធិបតីទី១៧ របស់ហ្វីលីពីន ដែលទទួលបានការគាំទ្រពីប្រជាជនហ្វីលីពីនយ៉ាងច្រើនលើសលប់ ដោយសរបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្ត និងចក្ខុវិស័យនៃការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី។
ឯកឧត្តមប្រធានាធិបតីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោ និងសូមអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេច ។ ហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកយកកិច្ចការអាទិភាពមួយចំនួន ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាននៅក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ៕