លទ្ធផលជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជាជាមួយអគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានទទួល ជួបលោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវអគ្គនាយក បានរំឭកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង កម្ពុជា និងអាល្លឺម៉ង់។ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមស្តីពីការពិគ្រោះយោបល់ទ្វេភាគីដោយក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុង អំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដែលនឹងក្លាយជាស្ពានបើកសក្តានុពលភាពថ្មីៗ ដើម្បីគាំទ្របន្ថែមទៀតដល់កិច្ចសហការ និងទំនាក់ទំនងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រទេស និងប្រជាជនទាំងពីរ។
លោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធាន អាស៊ាន និងការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា។
អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ បានអះអាងជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន (5PC) និងអំពីការត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការជាមួយកម្ពុជា។
ខាងក្រោមនេះជាលទ្ធផល នៃជំនួបរវាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់៖