គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០​ |
    ប្រមុខការទូតកម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» ប្រមុខការទូតកម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»

    ភ្នំពេញ៖ តបតាមការអញ្ជើញរួមរបស់ឯកឧត្ដម​ ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី Phumzile Mlambo-Ngcuka អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) និងជានាយកប្រតិបត្តិនៃអង្គការ UNWOMEN ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

    នៅក្នុងសុន្ទរកថាបើក ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបញ្ជាក់អំពីការកើនឡើងនូវតួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកដល់ការកសាងសង្គមដែលយុត្តិធម៌ មានបរិយាប័ន្ន ប្រកប​ដោយ​វិបុលភាព និងសន្តិភាពនៅជុំវិញពិភពលោក។

    ប្រមុខការទូតកម្ពុជានឹងគូសបញ្ជាក់អំពីគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់កម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី ហើយនឹងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសមភាព និងសមធម៌យេនឌ័រ។ ឯកឧត្តម ក៏នឹងផ្តល់អនុសាស្រ្តជាក់ស្តែងនិងអាចអនុវត្តបានមួយចំនួនដល់សន្និសីទអន្តរជាតិខាងលើ ផងដែរ។

    លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ក៏នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ នៅក្នុងសម័យប្រជុំពេញអង្គនីមួយៗនៃសន្និសីទនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

    ព្រឹត្តិការណ៍សកលនេះ មានគោលបំណងជំរុញការកសាងសន្តិភាពឆ្លើយតបនឹងយេនឌ័រព្រមទាំងពន្លឿនការចូលរួមដ៏មានសារៈសំខាន់របស់ស្ត្រី និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការ       កសាងសន្តិភាពដោយរួមបញ្ចូលទាំងយេនឌ័រ។ នៅក្នុងឱកាសនៃសន្និសីទនេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មកពីអ.ស.ប និងប្រទេសជាសមាជិកអ.ស.ប អង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការស្ត្រី ប្រតិបត្តិករកសាងសន្តិភាព និងស្ថាប័នពាក់ព័ន្ធដទៃទៀត នឹងធ្វើការឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ស្ត្រីនៅក្នុងដំណើរការចូលរួមកសាងសន្តិភាព ក៏ដូចជាពិនិត្យនូវគម្លាតយេនឌ័រក្នុងពេលបច្ចុប្បន្ន និងការប្តេជ្ញាចិត្តដើម្បីពន្លឿនសកម្មភាពក្រោយឆ្នាំ២០២០៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង