គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើត «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២​ |
    រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើត «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា» រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើត «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា»

    ភ្នំពេញ៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន ជាមួយក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា។

    ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់ភាគីរាជរដ្ឋាភិបាលកម្ពុជា និង តំណាងសម្ព័ន្ធទូរទស្សន៍កម្ពុជាឯ.ក មាន លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប , អ្នកឧកញ្ញ៉ា គិត ម៉េង នៃក្រុមហ៊ុន CBS និងលោកឧកញ៉ា អ៊ឹង ឆៃងួន នៃក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។

    ពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក” គឺជាបង្គោលចរដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីវិវឌ្ឍនាការដ៏ជឿនលឿនរបស់ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យឌីជីថល នៅក្រោមដំបូលសន្តិភាពនៃការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។ កិច្ចសហការរវាងរាជរដ្ឋាភិបាល និង ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក នៅក្នុងការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក នេះ គឺជាតថភាព ដែលបង្ហាញអំពីសារសំខាន់នៃភាពជាដៃគូស្អិតរមួតរវាងរដ្ឋ និងឯកជន នៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ។

    ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់ភាគីរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ស្របតាមផែនការរំដោះបន្ទារហ្វ្រេកង់ស៍របស់រាជរដ្ឋាភិបាល ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះនឹងអនុញ្ញាតឱ្យ   ក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល ដែលមានគុណភាពខ្ពស់ ក្នុងការបញ្ជូនរូបភាព និងសម្លេងទៅកាន់ទស្សនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល នឹងមានលទ្ធភាពរំដោះយកបន្ទារហ្វ្រេកង់ស៍ពីក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ជាពិសេស បន្ទារហ្វ្រេកង់ស៍ តំបន់ ៧០០ MHz ដើម្បីប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ចែងប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ដូចជា ប្រព័ន្ធ 5G ដែលមានគុណប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ធៀបនឹងការប្រើប្រាស់ក្នុងវិស័យសោតទស្សន៍ ។

    ក្នុងឱកាសនោះ ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជាឯ.ក បានបញ្ជាក់ថា ក្រុមហ៊ុនទាំងបីដែលបានរួមគ្នា ជាសម្ព័ន្ធទូរទស្សន៍កម្ពុជានេះ និងតាមរយៈការចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនៅថ្ងៃនេះ ក៏នឹងសហការគ្នាអោយសម្រេចបានតាម ការកំណត់របស់រាជរដ្ឋាភិបាលផងដែរ។

    សូមបញ្ជាក់ថា ក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជននេះ បង្កើតឡើងសម្រាប់គ្រប់គ្រង “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចឲ្យបានតាមអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ៕ BTVNews