គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រុងព្រះសីហនុ បានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២​ |
    មណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រុងព្រះសីហនុ បានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រុងព្រះសីហនុ បានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ

    ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញជាអធិបតីភាព​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរ​ការ​​ជាផ្លូវការ​មណ្ឌល​ផ្តល់សេវាសាធារណៈក្រសួង និង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី ដែលមានទីតាំងឋិតនៅជាន់ទី៣នៃផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall) មានអាសយដ្ឋានស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ ១០០ (វីថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ណុប ហេង តំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រុមប្រឹក្សាខេត្ត ដៃគូអភិវឌ្ឍ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី គ្រឹះស្ថានហិរញ្ញវត្ថុ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋផងដែរ។

    ថ្លែងក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវា សាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការធ្វើកំណែទម្រង់ និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែជិតស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ទាក់ទងនឹងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពី គម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅទីតាំងមួយចំនួនតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គសនីពីសំណាក់ សាធារណៈទូទៅ និងកិច្ចសហការជាមួយក្រុមហ៊ុននានាដើម្បីជំរុញការដំឡើងស្ថានីយបញ្ចូលថាមពល អគ្គិសនីឱ្យបានច្រើនថែមទៀត។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង ផ្សារ FURI TIMES SQUARE MALL ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវាសាធារណៈ ដោយ ឥតគិតថ្លៃរយៈពេល៥ឆ្នាំក្នុងការជំរុញការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងការប្រមូលចំណូលពន្ធ និងអង្គការUNDP ដែលបានផ្តល់ការគំាទ្រក្នុងយុទ្ធនាការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី រួមទំាង ស្ថានីយបញ្ចូលថាមពលអគ្គិសនី និងក្រុមហ៊ុនKTS ដែលបានសហការ និងគាំទ្ររាល់គំនិតផ្តួចផ្តើម របស់ក្រសួង។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃសុខសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសម្តេចបានប្រើយុទ្ធសាស្រ្ត នយោបាយ ឈ្នះ-ឈ្នះ អភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតដល់ប្រទេសកម្ពុជាមានការរីកចម្រើន គ្រប់វិស័យ និងមានធនធានមនុស្ស និងធ្វើឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះកិតិ្តយសលើឆាកអន្តរជាតិ ផងដែរ។

    សូមជម្រាបជូនថា មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៦ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយ ក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាម ដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរទៅបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុត សុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឱ្យស្រប ច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតមណ្ឌលផ្ដល់សេវាប្រភេទនេះនៅក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា ដោយបងប្អូនគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះសម្រាប់សេវាប្ដូរ ឬពន្យារបណ្ណបើកបរ។

    គួរកត់សម្គាល់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់ សេវាសាធារណៈបានចំនួន៦ទីតាំង រួមមាន៖ ១)មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន ១ (AEON 1) ២)មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន ២ (AEON 2) ៣)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL) ៤)មណ្ឌល ផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ៥)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK) រួមទាំងមណ្ឌលផ្តល់សេវាសាធារណៈដែលកំពុងបើកឱ្យដំណើរ ការនាពេលនេះផងដែរ៕

    អត្ថបទទាក់ទង