គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-វៀតណាម ​ជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នាលើការការពារព្រំដែនគោក ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២​ |
    កម្ពុជា-វៀតណាម ​ជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នាលើការការពារព្រំដែនគោក ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍ កម្ពុជា-វៀតណាម ​ជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នាលើការការពារព្រំដែនគោក ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍ

    កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជាមួយ ឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២។

    ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤ មក ហើយមកដល់ឆ្នាំ២០២១ កន្លងទៅនេះ ក៏បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់​ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី រវាងកងឯកភាពទាំងពីរ ដែលជាមូលដ្ឋានក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការកសាង​ព្រំដែនគោក​នៃប្រទេសទាំងពីរ ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

    ភាគីទាំងពីរក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កន្លងទៅ ដោយក្នុងនេះកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ បានបន្តកិច្ចសហការជាមួយគ្​នាយ៉ាងសកម្ម​លើការចូលរួមចំណែកទប់ស្កាត់អំពើភេរវកម្ម និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទោះបីជាប្រទេសទាំងពីរបានជួបប្រទះនូវបញ្ហាប្រឈមដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩យ៉ាងណាក្តី ហើយមិនត្រឹមតែ​ប៉ុណ្ណោះក៏បានផ្តល់​ការឧបត្ថម្ភជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ។

    ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចស្របតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងការជំរុញការអនុវត្តអនុស្សារណៈ​នៃការយោគយល់​រវាងកងឯកភាព​ទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមគ្នា ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យ​បានឆាប់​ចប់​ជាស្ថាពរទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស៕

    អត្ថបទទាក់ទង