គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រីការបរទេស ចុះ​ជួបសំណេះសំណាល​ជាមួយ​កងកម្លាំង​មួកខៀវ​​ទើបបញ្ចប់បេសកកម្ម​ពីប្រទេសម៉ាលី កំពុង​ធ្វើចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០​ |
    រដ្ឋមន្ត្រីការបរទេស ចុះ​ជួបសំណេះសំណាល​ជាមួយ​កងកម្លាំង​មួកខៀវ​​ទើបបញ្ចប់បេសកកម្ម​ពីប្រទេសម៉ាលី កំពុង​ធ្វើចត្តាឡីស័ក រដ្ឋមន្ត្រីការបរទេស ចុះ​ជួបសំណេះសំណាល​ជាមួយ​កងកម្លាំង​មួកខៀវ​​ទើបបញ្ចប់បេសកកម្ម​ពីប្រទេសម៉ាលី កំពុង​ធ្វើចត្តាឡីស័ក

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ច​ការ​បញ្ជូន ​កងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អម​ដំណើរ​ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជា​អគ្គនាយក​មជ្ឈ​មណ្ឌលជាតិរក្សាសន្តិភាព និងគណៈប្រតិភូ បានអញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នាយទាហាន-ពលទាហាន​នៃ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែលទើបត្រ​លប់​មក​ពី​បេសក​កម្ម​នៅប្រទេស​ម៉ាលី ​ហើយដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោស​សំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

    នៅក្នុង​មតិ​សំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន​កោត​សរសើរ​កង​កម្លាំង​មួក​ខៀវក​ម្ពុជា ដែលក្លាហាន អង់អាច ម៉ឺងម៉ាត់ និងមានវិជ្ជាជីវៈច្បាស់លាស់ បំពេញបេសកកម្ម​បាន​ទទួល​ជោគជ័យ និងទទួលបានការកោតសរសើរថាមានវិន័យ និងសីលធម៌ខ្ពស់ ដែលទាំងអស់នេះ បាន​ជួយ​លើក​កម្ពស់កិត្យានុភាព​របស់កម្ពុជាបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន​ផ្តាំ​ផ្ញើកា​រ​សួរ​សុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះ​កង​កម្លាំង​ទាំង​អស់​ផង​ដែរ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន មន្រ្តីសុខាភិបាល និងមន្រ្តី​ជំនាញរបស់ក្រសួង- ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ធានាសុវត្ថិភាព និង​ផ្តល់​ការ​ទំនុក​បម្រុង​គ្រប់​គ្រាន់ក្នុងអំឡុងពេលអនុវត្តវិធានចត្តាឡីស័កនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ អោយថែរក្សាសុខភាពអោយបានល្អ ជាពិសេសបន្ត​អនុវត្ត​គោលកាណ៍ រក្សា អនាម័យនិងការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល និងជឿ​ជាក់​លើ​វិធានការណ៍​មុតមាំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បាននាំ​យក​គ្រឿងប​រិភោគ​ផ្តល់​ជូន​ដល់​កង​កម្លាំង​ទាំង​អស់ផងដែរ។

    បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញ​បន្ត​ដំណើរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥១ ដើម្បី​ទៅពិនិត្យការរៀបចំរូបចម្លាក់ ចំនួន៦ នៃសមិទ្ធផលវិស័យ​រក្សា​សន្តិភាព​តាម​រយៈ​នយោបាយ​ឈ្នះ-ឈ្នះ ក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី។ គួររំលឹកផងដែរថា រូបចម្លាក់ទាំង៦នេះ មានរចនាបថ និងអត្ថន័យខ្លឹមសារ​ពាក់​ព័ន្ធនឹង​វិស័យ​រក្សា​សន្តិភាព និងសកម្មភាពកម្ចាត់មីននៅកម្ពុជា៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង