គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​រុស្ស៊ី សន្យាផ្ដល់វ៉ាក់សាំង​ប្រឆាំងមេរោគ​កូវីដ១៩​ ដល់កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |
    ​រុស្ស៊ី សន្យាផ្ដល់វ៉ាក់សាំង​ប្រឆាំងមេរោគ​កូវីដ១៩​ ដល់កម្ពុជា​ ​រុស្ស៊ី សន្យាផ្ដល់វ៉ាក់សាំង​ប្រឆាំងមេរោគ​កូវីដ១៩​ ដល់កម្ពុជា​

    ភ្នំពេញ៖ ​រដ្ឋាភិបាល​រុស្សី បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​១៩ ក្នុង​កម្រិត​ណាមួយ ដល់​ប្រទេស​កម្ពុជា​នា​ពេលខាងមុខ​នេះ ខណៈ​វ៉ាក់សាំង​នេះ ​ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រទេស រុស្ស៊ី​ទើប​ចុះបញ្ជី​នា​ពេល​កន្លងទៅនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ណី សំអុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក អាហ្វ្រិក មជ្ឈិមបូព៌ា និង​ជា​អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​ក​ម្ពុ​ជា​។​

    ​​ក្រោយ​ជំនួប​រវាង​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជាមួយ​លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០១ តុលា​នេះ លោក ណី សំអុល បាន​បញ្ជាក់​ថា នៅក្នុង​កិច្ច​ជំនួប​នោះ​ភាគី​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​ជាច្រើន​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​រុស្ស៊ី​។

    ​​លោក ណី សំអុល បាន​បន្ត​ទៀតថា នៅក្នុង​កិច្ច​ជំនួប​នោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើង​ផងដែរ​ អំពី​បញ្ហា​មេរោគ​កូ​វិដ​១៩ ដែល​ពិភពលោក​កំពុង​រីក​រាលដាល​នា​ពេល​បច្ចុប្បន្ននេះ​។​

    ​បើតាម​លោក ណី សំអុល ដដែល​បាន​បន្ថែមទៀតថា ការផ្តល់​នូវ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វិដ​១៩​ក្នុង​កម្រិត​ណាមួយ​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ដល់​ប្រទេស​កម្ពុជា​នោះ​គឺ​ក្នុង​គោលបំណង​មនុស្សធម៌ និង​មួយផ្នែក​ទៀត គឺ​ពាណិជ្ជកម្ម​តាមរយៈ​ការដោះដូរ​ជាដើម​នោះ​៕ ​ប្រភព៖ BTVNews

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង