គ.ជ.ប ចែកលិខិតជាង ៧លានសន្លឹក ដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចែកលិខិតអញ្ជើញជាង ៧លានសន្លឹក ទៅដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
បើតាមតារាងបូកសរុបលទ្ធផលរបស់គ.ជ.ប បានឲ្យដឹងថា សរុបចំនួនលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ទាំង២៥ រាជធានី-ខេត្ត មានចំនួន ៧ ៦២៣ ៣២៥សន្លឹក។
សូមជម្រាបជូនថា លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅរយៈពេល ១៩ថ្ងៃ ចាប់ពីថ្ងៃទី ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៩តុលា៖
- អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៦៨ ៥៥៣នាក់ ស្មើនឹង ៨៩.៤០% បើធៀបទៅនឹងផែនការអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣០០ ៣៩០នាក់។
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១៥២.០០៤នាក់
- អ្នកកែតម្រូវទិន្នន័យសរុបមានចំនួន ៩២ ៨២២នាក់។
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី សរុបមានចំនួន ៨៨ ៨៤៦នាក់ ។
សរុបអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ដែលបានធ្វើបច្ចុប្បន្នភាពរួច មានចំនួន ៨ ៨៣៤ ៧៥២នាក់។
លទ្ធផលនេះ គឺជាលទ្ធផលបណ្តោះអាសន្នចុងក្រោយ ដែលក្រុមចុះឈ្មោះបោះឆ្នោតទាំង ១ ៦៤៦ បានបញ្ជូនទិន្នន័យមកពីបណ្តាឃុំ សង្កាត់ទូទាំងប្រទេស៕