រយៈពេល៣ថ្ងៃនៃការឃោសនាបោះឆ្នោត គ.ជ.ប ទទួលបណ្ដឹងចំនួន ១៨បណ្ដឹង
ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ថ្ងៃនៃការឃោសនាបោះឆ្នោត គឺចាប់ពីថ្ងៃទី២១ -២៣ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោតទាំង២៥ រាជធានី-ខេត្ត បានទទួលបណ្តឹងចំនួន១៨បណ្តឹង ដោយក្នុងបណ្តឹងទាំងនោះប្តឹងទៅគណៈកម្មាការឃុំ-សង្កាត់រៀបចំការបោះឆ្នោតដែលជាបណ្តឹងសុំឲ្យផ្តន្ទាទោសទៅតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
បណ្តឹងទាំង១៨នោះ រួមមាន៖ សកម្មជនគណបក្សប្រជាជនកម្ពុជា ចំនួន ១៤បណ្តឹង, អាជ្ញាធរ១បណ្តឹង, ប្រជាពលរដ្ឋ១បណ្តឹង, ប្រធានគណបក្សប្រជាជនកម្ពុជាឃុំ ១បណ្តឹង និងគណបក្សភ្លើងទៀន ១បណ្តឹង។
ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា បណ្តឹងទាំង១៨ គឺមានដូចជា នៅខេត្តកំពង់ស្ពឺ មានចំនួន២បណ្តឹង, ខេត្តកំពត មាន១បណ្តឹង, ខេត្តក្រចេះ មាន២បណ្តឹង, រាជធានីភ្នំពេញ មាន៤បណ្តឹង, ខេត្តពោធិ៍សាត់មាន១បណ្តឹង និងខេត្តប៉ៃលិន មាន៧បណ្តឹង, សរុបទាំង៦ខេត្តនេះ មានចំនួន ១៨បណ្តឹង។ នៅក្នុងបណ្តឹងទាំង១៨នេះ គ.ជ.ប បានដោះស្រាយបាន១បណ្តឹងហើយ គឺនៅខេត្តកំពតដោយចេញលិខិតរដ្ឋបាលទៅដើមបណ្តឹងវិញ។ ឯកឧត្ដមបន្តថា បើសិនអ្នកប្តឹងមិនពេញចិត្តចំពោះការសម្រេចរបស់គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត គឺអាចប្តឹងបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “បើយើងពិនិត្យជារួមករណីនៃការប្តឹងនេះ គឺភាគច្រើនគណបក្សប្រជាជនកម្ពុជាប្តឹងគណបក្សភ្លើងទៀន ដោយធ្វើការចោទប្រកាន់ថា គណបក្សភ្លើងទៀនប្រើសារនយោបាយមានន័យប្រមាថ ដូចចែងនៅក្នុងមាត្រា៧១ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺហាមឃាត់គណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោតមិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខអក្សរក្នុងន័យអសីលធម៌ ប្រមាថមាក់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬបុគ្គលណាមួយឡើយ។”
គួរបញ្ជាក់ថា ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណទ្តិទី៥ឆ្នាំ២០២២ របស់គណបក្សនយោបាយក្នុងថ្ងៃទីបី គឺចាប់ពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែង៕