គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទទួលយកលទ្ធផលផ្លូវការ នៃការ​បោះឆ្នោត​ជ្រើស​​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២​ |
    គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទទួលយកលទ្ធផលផ្លូវការ នៃការ​បោះឆ្នោត​ជ្រើស​​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទទួលយកលទ្ធផលផ្លូវការ នៃការ​បោះឆ្នោត​ជ្រើស​​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥

    ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា បានចេញ​សេចក្ដី​​​ថ្លែង​ការណ៍មួយ ដោយបានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​បាន​ប្រកាស​នៅ​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។

    សេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការ​បោះ​ឆ្នោត​​​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ២០២២ បាន​ប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មាន​អំពើ​ហិង្សា និង​ការគំរាមកំហែង។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ នៃ​ដំណើរ​​ការ​ប្រជាធិបតេយ្យ​​ជា​ទៀង​ទាត់​នៅកម្ពុជា ជាពិសេស​នៅ​ថ្នាក់​មូល​ដ្ឋាន​ក្រោម​ពន្លៃ​ នៃ​សន្តិភាព​។

    សេចក្ដីថ្លែងការណ៍បន្តថា លទ្ធផល នៃការបោះឆ្នោតនេះ បានកើតចេញពីទឹកចិត្ត ឆន្ទៈ និង​វិចារណញ្ញាណ​រ​បស់​ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ ដែល​មាន​សេចក្ដី​សង្ឃឹម​ជឿជាក់​យ៉ាង​មុត​មាំ​ ចំពោះការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ និង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ខ្លួន​បន្ត​ទៀត​ ហើយបានបដិសេធនូវការកុហកបោកប្រាស ញុះញង់ មួល​បង្កាច់​ការ​ពិត​របស់​ពួក​ប្រឆាំង​ជ្រុល​និយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលតែងតែរារាំងដំណើរអភិវឌ្ឍន៍កម្ពុជា។

    ជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា បាន​សម្ដែង​ការ​គោរព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ចំពោះ​បងប្អូនជនរួមជាតិនៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើនលើសលប់ ធ្វើឲ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។

    គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាថា គណបក្សនឹងអនុវត្តគោនយោបាយរបស់ខ្លួន​ឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យបានរឹងមាំ លើក​កម្ពស់​ការ​ផ្ដល់​សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយ​ជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍ​ឃុំ សង្កាត់ លើគ្រប់វិស័យឲ្យកាន់តែរីកចម្រើន​ឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និង​ផល​ប្រយោជន៍​ដ៏​ឧត្ដុង្គ​ឧត្ដមរបស់ប្រជា​ជនគ្រប់ៗ​រូប​នៅគ្រប់មូលដ្ឋាន៕

    អត្ថបទទាក់ទង