គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រីការបរទេសអាស៊ាន ចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ផុយ​ស្រួយ​នៃ​ស្ថាន​ការណ៍តំបន់ និងអន្តរជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២​ |
    រដ្ឋមន្ត្រីការបរទេសអាស៊ាន ចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ផុយ​ស្រួយ​នៃ​ស្ថាន​ការណ៍តំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសអាស៊ាន ចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ផុយ​ស្រួយ​នៃ​ស្ថាន​ការណ៍តំបន់ និងអន្តរជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួយសម្តែងការព្រួយបារម្ភចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់ និងអន្តរជាតិ ពិសេសការវិវឌ្ឍថ្មីៗនេះ នៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់។

    តាមរយៈសេចក្តីថ្លែងការណ៍អាស៊ានបានបញ្ជាក់ថា៖

    * អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះនៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។

    * អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញង់ ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយ ដែលដាក់ចេញដោយប្រទេសនីមួយៗ។

    * ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើងគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

    * យើងគួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេច ក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលការសន្ទនាដោយសន្តិវិធី រវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់របស់យើង៕

    អត្ថបទទាក់ទង