គណបក្សប្រជាជនកម្ពុជា ប្រកាសផ្អាកធ្វើសន្និបាតគណៈកម្មាធិការកណ្តាល និងមីទី្ទងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា !
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្តាលនៅដំណាច់ឆ្នាំ២០២០នេះសិន និងផ្អាកការជួបប្រជុំធ្វើមីទី្ទងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។
សេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា យោងតាមសភាពការណ៍នៃជំងឺកូវីដ១៩ ដែលនៅតែបន្តឆ្លងរាលដាលខ្លាំងពាសពេញពិភពលោក និងតម្រូវឲ្យកម្ពុជាត្រូវតែបន្តប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ជានិច្ចនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមជម្រាបជូនសម្ដេច ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលទាំងអស់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាកបានជ្រាបពីការប្រារព្ធពិធីប្រចាំឆ្នាំរបស់គណបក្ស នៅពេលខាងមុខនេះដូចតទៅ៖
១. ត្រូវផ្ទាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០ នេះសិន ប៉ុន្តែនៅពេលនេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នឹងរៀបចំនូវឯកសារ «របាយការណ៍ស្ដីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ដើម្បីផ្ញើជូនឲ្យគណបក្សគ្រប់ថ្នាក់ ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និងអនុវត្តភារកិច្ចបន្តទៀត។
២. ត្រូវផ្អាកការជួបប្រជុំធ្វើមីទ្ទីងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ ៧មករា ដែលត្រូវធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះសិន ប៉ុន្តែគ្រប់ថ្នាក់ត្រូវត្រៀមរៀបចំ Logo បដាពាក្យស្លោក។ល។ ដាក់តាំងនៅតាមទីតាំងនានា ដើម្បីអបអរសាទរដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក។