គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសរំលាយបក្សខ្លួន និងអំពាវនាវឲ្យសមាជិកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានប្រកាសថា ខ្លួននឹងធ្វើការរំលាយគណបក្សចាប់ពីថ្ងៃនេះតទៅ ហើយបានអំពាវនាវឱ្យសមាជិក សមាជិការបស់ខ្លួន ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា។
យោងតាមសេចក្ដីប្រកាសរបស់គណបក្សខ្មែរស្រឡាញ់ជាតិបានបញ្ជាក់ថា មូលហេតុ នៃការរំលាយគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ កម្ពុជាបច្ចុប្បន្ន មានសន្តិភាព ការអភិវឌ្ឍ និងអនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផលប្រយោជន៍របស់ជាតិជាធំ។
ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូបរបស់ គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញប្រកាសរួមអំពីការរំលាយគណបក្សរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយសារតែមិនចង់ប្រឆាំងជាមួយ សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសប្រកបដោយត្រឹមត្រូវនោះឡើយ៕