ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរបន្តតាមដានត្រួតពិនិត្យក្លឹបកំសាន្ត និងខារ៉ាអូខេដែលបើកលួចលាក់
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ត្រូវបន្តការតាមដាន និងត្រួតពិនិត្យទៅលើក្លឹបកំសាន្ត និងខារ៉ាអូខេដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលនៅឡើយ ។
ឯកឧត្ដមបានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការក្នុងភាពជាដៃគូរ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលហៅថា AIMF នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេចយើងទេ ។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ-១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេដែលអាចធ្វើឱ្យរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើកិច្ចការបង្ការ និងទប់ស្កាត់ការរាលដាលនៃវីរុស covid-19 នៅក្នុង ខណ្ឌ សង្កាត់ និយាយដោយឡែក និងនិយាយជារួមដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងភាពជាដៃគូររវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតីនៃឯកសារវិសោធនកម្មលេខ ២ ស្តីពីការត្រៀមបង្ការចំពោះស្ថានភាពបន្ទាន់ គំនិតផ្ដួចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។
គួរបញ្ជាក់ថា អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ ហើយនៅក្នុងពិធីនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រគល់បរិក្ខាពេទ្យសម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ៕ ប្រភព៖ BTVNews