រាជរដ្ឋាភិបាលកម្ពុជា គ្មានឱនភាពក្នុងការទូរទាត់សាច់ប្រាក់ឡើយ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងសាច់ប្រាក់ស្ថិតក្នុងស្ថានភាពល្អប្រសើរ ខណៈការអនុវត្តចំណូលរបស់ថវិកា ថ្នាក់ជាតិ នៅឈរខ្ពស់ជាងការចំណាយ ពោលគឺគ្មានឱនភាពក្នុងការទូរទាត់សាច់ប្រាក់នោះឡើយ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២០ នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ នេះ ជាលទ្ធផល, ក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២០ អង្គប្រជុំបានបង្ហាញពីលទ្ធផល គិតត្រឹមត្រីមាសទី ២, ការអនុវត្តចំណូលសម្រេចបានជាង ៤៥ % ធៀបនឹងច្បាប់ ដោយមានទំហំប្រមាណជិត១២ ពាន់ប៊ីលានរៀល ខណៈចំណាយថវិកាជាតិសម្រេចបានជាង៤០% ក្នុងទំហំជាង ៩ ពាន់ប៊ីលានរៀល ។
ចំណែកការបើកបៀវត្សតាមប្រព័ន្ធធនាគារ ២ ដង ក្នុង ១ ខែ ជូនដល់ក្រសួង-ស្ថាប័នវិញ ការទូទាត់តាមប្រព័ន្ធធនាគារសម្រេចបាន ១០០% ពោលគឺការទូទាត់បានទាន់ពេលវេលា ស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយមិនមានការកកើតឡើងវិញនៃបំណុលកកស្ទះឡើយ ។
ដោយឡែក ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំ និងកំណត់ការផ្លាស់ប្ដូរប្រព័ន្ធថវិកាកម្ពុជា ឱ្យក្លាយជាឧបករណ៍សម្រាប់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, ក្នុងនោះគិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២០, គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្ត ចំនួន ២៤ ត្រូវបានដាក់ឱ្យអនុវត្ត, ចំណែករដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវអនុវត្តកម្មវិធីនេះ នៅឆ្នាំ ២០២១ ខាងមុខ ។
ចំពោះការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់វិញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងត្រួតពិនិត្យ និងរៀបចំច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថថ្មី, កែសម្រួលអនុក្រឹត្យ ស្ដីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង, ខេត្ត, ក្រុង, ក្រុងស្វយ័ត, រាជធានីភ្នំពេញ និងអង្គការសាធារណៈ និងអនុក្រឹត្យ ស្ដីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ និងរៀបចំក្របខណ្ឌផែនការសកម្មភាពរួម នៅក្នុងដំណាក់កាលទី ៤ ៕ ប្រភព៖ BTVNews